(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ អាជ្ញាធរខេត្តព្រះសីហនុស្តារកិត្តិយសរបស់ខ្លួនឡើងវិញ ដោយពង្រឹងនូវផ្នែកមួយចំនួន បន្ទាប់ពីមានការរិះគន់ទៅលើការគ្រប់គ្រងកន្លងមក។ ជាមួយគ្នានេះ សម្តេចក៏បានផ្តាំទៅអ្នកលេង Facebook មួយចំនួនកុំឱ្យមានការយល់ច្រឡំថា ការបញ្ជាឱ្យស្តារខេត្តព្រះសីហនុនេះ ជាការគាំទ្រការវាយប្រហាររបស់ពួកគេ ទៅលើខេត្តនេះប្រៀបដូចព្យុះស៊ូណាមិឱ្យសោះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «សម្តីរបស់ខ្ញុំមិនបានគាំទ្រដល់អ្នកលេង Facebook ណាមួយទេ សុំបញ្ជាក់ឱ្យច្បាស់ត្រង់ចំណុចនេះ។ សូមកុំយកសេចក្តីថ្លែងការណ៍របស់ខ្ញុំ ទៅវាយប្រហារគ្នារវាងអ្នកលេង Facebook ជាមួយគ្នា។ ប៉ុន្តែនេះជាសម្តីរបស់នាយករដ្ឋមន្រ្តី ដែលមិនសម្តៅគាំទ្រដល់ Facebook នេះឬ Facebook នោះ ខ្ញុំអត់ទេ។ នេះជាសម្តីដែលខ្ញុំណែនាំទៅអាជ្ញាធរតែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នាថ្មីៗនេះមានការរិះគន់ទៅលើតម្លៃផ្ទះសំណាក់ និងសណ្ឋាគារ ប៉ុន្តែសម្តេចក៏បញ្ជាក់ទៅវិញថា តម្លៃផ្ទះសំណាក់ ឬសណ្ឋាគារមិនដូចគ្នាទាំងអស់ទេ មានកន្លែងខ្លះថ្លៃ កន្លែងខ្លះក៏ថោកទៅតាមគុណភាព និងស្តង់ដាររបស់គេ ហើយតម្លៃក៏កើនឡើងទៅតាមតម្រូវការផងដែរ។ ចំណែកបញ្ហាសន្តិសុខវិញ ក៏ត្រូវអ្នកលេង Facebook យកទៅកាត់តដើម្បីធ្វើឱ្យប្រជាជនមើលឃើញខេត្តព្រះសីហនុខ្មៅងងឹត។
សម្តេចក៏បានបញ្ជាក់ថា៖ «ហេតុអ្វីក៏អ្នកទាំងឡាយមិនយល់អំពីបញ្ហានេះ រវាងតម្រូវការ និងការផ្គត់ផ្គង់ ហើយយក Facebook មកវាយបំផ្លាញធ្វើដូចជាខេត្តព្រះសីហនុនេះ ជាតំបន់ខ្មៅងងឹតមួយ ជាខ្យល់ព្យុះស៊ូណាមិមួយ»។ សម្តេចសង្កត់ធ្ងន់ទៀតថា កន្លងទៅមានការបំភ្លៃនៅតាម Facebook ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូចជាករណីចោទប្រកាន់ថា សម្តេចតេជោ បញ្ជាឱ្យចាប់តារាចម្រៀងខេមជាដើម ខណៈដែលសម្តេចបានចម្លងទុក បទចម្រៀងខេមទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា រឿងខេត្តព្រះសីហនុ ក៏អញ្ចឹងដែរ គឺបញ្ហានៅខេត្តព្រះសីហនុ រឿងមិនធំទេ តែគេធ្វើឱ្យទៅជាព្យុះស៊ូណាមិមួយ៕