(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ទំនាក់ទំនងជារួម រវាងប្រទេសកម្ពុជា និងហុងគ្រី ឲ្យកាន់តែខ្លាំងក្លាថែមទៀត ហុងគ្រីនឹងបើកការិយាល័យ តំណាងការទូតមួយ នៅរាជធានីភ្នំពេញ នាដើមខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

ការបញ្ជាក់របស់ហុងគ្រី យ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ភីធ័រ ហ្សីអារតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងដំណើរទស្សនិច្ចកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន នៅហុងគ្រី កាលពីថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីលើកកម្ពស់ ទំនាក់ទំនងជារួម រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ហុងគ្រីនឹងបើកការិយាល័យ តំណាងការទូតមួយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ខាងមុខ។ បន្ថែមលើនេះ ហុងគ្រីបានស្វាគមន៍សំណើតែងតាំង កុងស៊ុលកិត្តិយសរបស់កម្ពុជា នៅទីក្រុងប៊ូដាប៉េស្ត»

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរ និងវិទ្យាស្ថានការទូត រវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាព ធ្វើការងាររួមគ្នា ដើម្បីរៀបចំឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច កម្រិតនាយករដ្ឋមន្រ្តី នាពេលអនាគតដ៏ខ្លី។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានពិភាក្សាគ្នាប្រកបដោយលទ្ឋផលផ្លែផ្កា ដែលក្នុងឱកាសនោះ រដ្ឋមន្រ្តីការបរទេសហុងគ្រី បានបញ្ជាក់ជាថ្មីនូវ ជំហររបស់ហុងគ្រី ដែលមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា និងគោរពការសម្រេចចិត្ត របស់ប្រជាជនកម្ពុជា ពាក់ព័ន្ឋនឹងការបោះឆ្នោតរបស់កម្ពុជា នាពេលថ្មីៗនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកជាមួយនឹងសេចក្តីអំណរគុណ ចំពោះជំនួយ និងការគាំទ្រដ៏មានតម្លៃ និងទាន់ពេលវេលារបស់ហុងគ្រី ចំពោះកម្ពុជាក្នុងកាលៈទេសៈ ដ៏លំបាកបំផុត បន្ទាប់ពីកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ព្រមទាំងការរួមចំណែករបស់ហុងគ្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ក្រោមក្របណ្ឌអាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងបន្ថែម។

បើតាមសេចក្តីប្រកាសព័ត៌មាន នេះគឺជាជំនួបលើកទី២ រវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ក្នុងរយៈពេលមិនដល់៣ខែ នៅក្នុងឆ្នាំ២០១៩នេះ ដែលសរបញ្ជាក់ ពីការប្តេជ្ញាចិត្តទៅវិញទៅ មករបស់រដ្ឋមន្ត្រីទាំងពីរ សំដៅបង្កើតឲ្យមានកិច្ចសន្ទនាជាទៀងទាត់ លើរបៀបវារៈទ្វេភាគី និងអន្តរជាតិ។

លើសពីនេះទៀត រដ្ឋមន្រ្តីការបរទេសទាំងពីរបានសំដែងនូវការពេញចិត្ត ចំពោះការរីកចម្រើនកាន់តែខ្លាំងឡើង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានស្តែងឡើងតាមរយៈ កិច្ចពិគ្រោះយោបល់ជាទៀងទាត់ ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ ពីស្ថាប័ននិតីប្រតិបត្តិ និងនីតិបញ្ញត្តិ ព្រមទាំងវេទិកាធុរកិច្ចផងដែរ៕