(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយនាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ អ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជា បានអះអាងថា ជានាមជាអ្នកនយោបាយ បើមិនអាចធ្វើសកម្មភាពណាមួយពាក់ព័ន្ធនយោបាយបានទេ នោះមានន័យថាជាអ្នកនយោបាយដែលមានពិការភាព ហើយមិនអាចទៅជួយប្រជាជន និងប្រទេសជាតិបាននោះទេ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ប្រមាណជាងកន្លះម៉ោងជាមួយសំណួររបស់នាយកប្រតិបត្តិ Fresh News លើកឡើងថា តើការទទួលបានសិទ្ធិធ្វើនយោបាយរបស់ក្រុមប្រឆាំង មានប្រយោជន៍អ្វីខ្លះដល់ពួកគាត់ និងសង្គមជាតិ?
អ្នកវិភាគចៅចាក់ស្មុក បានបញ្ជាក់ថា «ធ្វើជាអ្នកនយោបាយ ប្រសិនបើមិនអាចធ្វើសកម្មភាពនយោបាយបាន, ហើបមាត់មិនរួច និងធ្វើអ្វីមិនបាន គឺជាអ្នកនយោបាយដែលគេហៅថា មានពិការភាពផ្នែកនយោបាយ មិនអាចជួយខ្លួនឯង និងជួយប្រជាជនបាន ជាពិសេសពិតជាមិនអាចជួយមេរបស់ខ្លួនបានដែរ។ អ្នកនយោបាយដែលជោគជ័យ មិនត្រឹមតែមានឧត្តមគតិជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានប្រាជ្ញាញ្ញាណ និងធ្វើសកម្មភាពតាមក្បួនយុទ្ធសាស្រ្ត។ មិនអាចយកយុទ្ធសាស្រ្តដេកផ្ទះ ឈ្នះឯង ដូចលោក សម រង្ស៊ី ទេ ជាយុទ្ធសាស្រ្តខុសក្បួនអ្នកនយោបាយ។
ដោយឡែកក្នុងលិខិតមានចំណងជើង «ជំហានទៅមុខនៃនយោបាយក្រុមប្រឆាំង» របស់អ្នកវិភាគចៅចាក់ស្មុក ដែលបានប្រគល់ជូនលោក លឹម ជាវុត្ថា ដោយផ្ទាល់ដៃនៅថ្ងៃអាទិត្យនាទីស្នាក់ការ Fresh News បង្ហាញចំណុចសំខាន់ថា ហេតុអ្វីអ្នកជាប់បម្រាមក្នុងបញ្ជី១១៨នាក់ ត្រូវស្នើសុំយកសិទ្ធិធ្វើនយោបាយឡើងវិញ ?
អ្នកវិភាគឯករាជ្យ ចៅចាក់ស្មុក ដែលវិភាគស្ថានការនយោបាយមិនសូវខុសបានពោលនៅតាមលិខិតថា ការធ្វើលិខិតដើម្បីទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ គឺជាទម្រង់មួយនៃ «ការទាមទារសិទ្ធិ» ពុំមែនជាការធ្វើលិខិតសុំទោស ឬទទួលស្គាល់កំហុស ដូចដែល សម រង្ស៉ី និងទណ្ឌិតមួយចំនួនបានធ្វើកន្លងមក ជូនទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបានការលើក លែងទោស និងធ្វើនយោបាយឡើងវិញនោះទេ។
អ្នកវិភាគដែលទទួលស្គាល់ពីក្រុមអ្នកនយោបាយបានលើកឡើងទៀតថា «ធ្វើជាអ្នកនយោបាយប្រសិនបើមានតែគំនិត តែគ្មានសកម្មភាព គឺបានត្រឹមតែស្រម៉ៃយល់សប្តិប៉ុណ្ណោះ។ អ្នកនយោបាយត្រូវចេះ ក្តាប់ឱកាស, បង្កើតឱកាស និងប្រើឱកាស។ ច្បាប់បើកច្រកសម្រាប់ការទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ចាត់ទុកជាឱកាសមួយដែលត្រូវក្តាប់ឱ្យជាប់កុំឱ្យរបូត។ ការទាមទារសិទ្ធិធ្វើ នយោបាយឡើងវិញ តាមរយៈការធ្វើលិខិតទៅនាយករដ្ឋមន្ត្រី ឬរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺការបង្កើតឱកាសឱ្យខ្លួនឯង មានសេរីភាព រួចផុតពីពិការភាពនយោបាយ»។
«នៅពេលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញបាន គឺត្រូវចេះប្រើឱកាសនេះឱ្យបានល្អ ដើម្បីធ្វើសកម្មភាពក្នុងនាមជាអ្នកនយោបាយ ដែលមានឧត្តមគតិចង់បម្រើជាតិ និងប្រជាជនឱ្យសុខសាន្ត និងរុងរឿង» នេះបើតាមការបញ្ជាក់ពីចៅចាក់ស្មុក ថ្លែងទៅកាន់ក្រុមអ្នកប្រឆាំងដែលជាប់បម្រាមសិទ្ធិធ្វើនយោបាយ៕