(ប៊្រុយណេ)៖ អ្នកវិនិយោគចិន កំពុងបោះទុន និងនាំយកបច្ចេកវិទ្យាទំនើបៗកាន់តែច្រើន ទៅកាន់ប្រទេសប្រ៊ុយណេ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋីប្រចាំ តំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ស្ថិតនៅខាងជើងកោះ បរនីអូ (Borneo) ប្រទេសរដ្ឋដ៏តូចមួយនេះ បានវិវឌ្ឍក្លាយជាអ្នកមានដោយសារតែប្រេងដែលមាននៅទីនេះ។ ប៉ុន្តែ ប្រ៊ុយណេ កំពុងពិបាកទាក់ទាញការបណ្ដាក់ទុន ដោយផ្ទាល់ពីបរទេស នៅពេលដែលស្ដុកប្រេងនិងហ្គាសរបស់គេ កំពុងចាប់ផ្ដើមថយចុះ។
ប៉ុន្តែបច្ចុប្បន្ន ប្រ៊ុយណេ គឺជាទិសដៅបណ្ដាក់ទុនដែលកាន់តែគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកជំនួញចិន។ ជាក់ស្ដែង ក្រុមហ៊ុនចិនឈ្មោះថា ហឹងអ៊ី ហ្គ្រុប (Hengyi Group) កំពុងបង្កើតរោងចក្រចម្រាញ់ប្រេងនៅលើកោះមួយ ដែលនៅជិតកោះរបស់ប្រ៊ុយណេ។ រោងចក្រនេះ គឺជាការបោះទុនដ៏សំខាន់បំផុតមួយ របស់ប្រទេសចិន។
ដោយដំណាក់កាលទីមួយត្រូវបោះទុនប្រាក់អស់៣៥០០លានដុល្លារទៅហើយនោះ គម្រោងនេះគឺជាការបណ្ដាក់ទុនដោយផ្ទាល់ពីបរទេសដ៏ច្រើនបំផុត មិនធា្លប់មាននៅប្រ៊ុយណេ។
នៅទូទាំងប្រ៊ុយណេ ដែលជាប្រទេសកាន់សាសនាម៊ូស្លីម ក្រុមហ៊ុនចិនជាច្រើន បានបោះទុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធដឹកជញ្ជូន វិស័យហិរញ្ញវត្ថុ អប់រំ វារីវប្បកម្ម និងឧស្សាហកម្មធន់ធ្ងន់។ ក្រុមហ៊ុន គ័ងស៊ី ព័យពូ ហ្គ្រុប បានបង្កើតភាគហ៊ុនរួមគ្នាមួយ ដើម្បីគ្រប់គ្រង ពង្រីក និងធ្វើទំនើបកម្មចំពោះកំពង់ផែកុងធេន័រប្រ៊ុយណេមួយកន្លែងឈ្មោះថា មួររ៉ា (Muara) និងដើម្បីបង្កើតឧទ្យានឧស្សាហកម្មរួមមួយ សម្រាប់ជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន។
លោក លី ចុងច័រ នាយក ក្រុមហ៊ុនកំពង់ផែ មួររ៉ា និយាយថា «ប្រ៊ុយណេ ផ្ដល់ជូនពួកយើងនូវបរិយាកាសវិនិយោគដ៏នឹងនរនិងមានសុវត្ថិភាពល្អណាស់។ នៅពេលដែលកំពង់ផែ មួររ៉ា មានសមត្ថភាពផ្ដល់សេវាកម្មនិងគ្រប់គ្រងការងារបានកាន់តែល្អ យើងសង្ឃឹមថានឹងអាចកាត់បន្ថយថ្លៃចំណាយទៅលើការដឹកជញ្ជូនសម្រាប់ប្រទេសប្រ៊ុយណេបាន និង អាចទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបានកាន់តែច្រើន ឲ្យហូរចូលមកក្នុងប្រទេស ប្រ៊ុយណេ»។
ធនាគារចិន ឬ Bank of China ក៏បានបើកសាខាទីមួយរបស់ខ្លួននៅប្រ៊ុយណេនេះដែរ កាលពីឆ្នាំ២០១៦។ លោក វ៉ាង សៀវលីន គឺជាអ្នកគ្រប់គ្រងទូទៅធនាគារចិននៅទីនេះ។ គាត់បានប្រាប់ថា ធនាគារ បានផ្ដល់ទំនុកចិត្តកាន់តែខ្លាំង ដល់អ្នកវិនិយោគចិន ដែលកំពុងបណ្ដាក់ទុននៅប្រ៊ុយណេ។
លោក វ៉ាង សៀវលីន អ្នកគ្រប់គ្រងទូទៅ ធនាគារចិនសាខាប្រទេសប្រ៊ុយណេ និយាយថា «ធនាគារយើង កំពុងក្លាយជាដៃគូដ៏កាន់តែសំខាន់សម្រាប់អ្នកវិនិយោគចិន ដែលកំពុងបណ្ដាក់ទុននៅប្រ៊ុយណេនេះ។ នៅជំនាន់ដែលយើងគ្រោងថានឹងមកបើកសាខានៅទីនេះ គឺមានធនាគារមកពីលោកខាងលិចជាច្រើនដែលកំពុងដកខ្លួនចេញពីប្រ៊ុយណេ។ គឺមានដូចជាធនាគារ Citibank និង HSBC ជាដើម។ តែយើងបានធ្វើឲ្យគេមានទំនុកចិត្តមកលើវិស័យធនាគាររបស់ប្រ៊ុយណេ ឡើងវិញ»។
លោក កាវ វឹនក័រ អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុនផលិតដែក HLDS និយាយថា «យើងមានបច្ចេកទេសនិងបទពិសោធន៍ផ្នែកគ្រប់គ្រង ដែលចង់ចែករំលែកដល់ប្រ៊ុយណេ។ នៅក្នុងពេលដែលខ្ញុំកំពុងនិយាយនេះ គឺមានផលិតផលរបស់យើងជាច្រើនដែលកំពុងដឹកយកទៅចែកចាយនៅទូទាំងពិភពលោក។ យើងមានផែនការ ចង់ផលិតបំពង់ដែកថែបដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក ឲ្យបាន១ម៉ឺនតោននៅក្នុង១ឆ្នាំ សម្រាប់ឲ្យគេយកទៅប្រើនៅតាមវិស័យផ្សេងៗ ដូចជាចម្រាញ់ប្រេងនិងហ្គាស ឬក៏សំណង់ជាដើម»៕ (សារព័ត៌មាន CCTV របស់ចិន)