(ភ្នំពេញ)៖ ក្រោយឃើញព័ត៌មានមានចំណងជើងថា «អង្គការឃ្លាំមើលសិទ្ធិមនុស្ស រិះគន់តារាបាល់ទាត់ជប៉ុន ដែលធ្វើការជាមួយមន្រ្តីបាតដៃប្រឡាក់ឈាមខ្មែរ» ចុះផ្សាយដោយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើឲ្យអ្នកតាមដានវិស័យកីឡាបាល់ទាត់ខ្មែរ អ្នកសារព័ត៌មានកីឡា គ្រូបង្វឹក និងអ្នកគាំទ្រជាច្រើន មានការប្រតិកម្មជាខ្លាំង ចំពោះលោក Brad Adams នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលទាញរឿងកីឡា ទៅភ្ជាប់នឹងរឿងនយោបាយ ដោយបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងច្បាប់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA)។

តាមរយៈការបញ្ចេញមតិជាច្រើនលើបណ្ដាញសង្គមបានធ្វើការរិះគន់ ចំពោះការលើកឡើងរបស់លោក Brad Adams ទៅកាន់កីឡាករ Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គឺជារឿងមិនសមហេតុផលទាល់តែសោះ ដែលយករឿងកីឡា ភ្ជាប់ជាមួយរឿងនយោបាយ តាមរយៈនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។ អ្នកខ្លះបានប្រាប់លោក Brad Adams គួរទៅសិក្សាពីច្បាប់កីឡាឲ្យបានច្បាស់ ដើម្បីចៀសវាងការនិយាយខុស ធ្វើឲ្យប៉ះពាល់ដល់វិស័យកីឡា និងច្បាប់អន្ដរជាតិទៀតផង។

លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា ការទាញលោក Keisuke Honda និងនាយឧត្តមសេនីយ៍ សៅ សុខា មកភ្ជាប់ក្នុងរឿងនយោបាយពីសំណាក់នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិខាងលើ គឺខុសទាំងស្រុងទៅនឹងច្បាប់អន្ដរជាតិ។ លោកថា Keisuke Honda គឺជាកីឡាករលំដាប់អន្ដរជាតិ ហើយនាយឧត្តមសេនីយ៍ សៅ សុខា គឺជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទទួលស្គាល់ដោយ FIFA ដូច្នេះផ្អែកលើនិយមន័យកីឡា ពួកគាត់គ្មានអ្វីត្រូវពាក់ព័ន្ធរឿងនយោបាយនោះទេ។

លោកថា «និយាយពីរឿងកីឡា ប្រទេសណាក៏ដោយឲ្យតែបញ្ចូលនយោបាយ មិនបាច់ដល់ជេរប្រមាថអីទេ គ្រាន់តែមានសមាសភាពចូលប្រឡូកក្នុងបាល់ទាត់ក៏ FIFA ព្យួរដែរ យើងឃើញមានច្រើនហើយ ជាក់ស្ដែងអាស៊ានយើងមានប្រ៊ុយណេ និងឥណ្ឌូនេស៊ីជាដើម។ ហេតុផលនេះ FIFA អត់ទទួលការយកបាល់ទាត់ ទៅលាយឡំរឿងនយោបាយទេ...។ ចឹងបើ Brad Adams គាត់បាននិយាយ ដូចអ្វីដែលគេបានចុះផ្សាយមែន គឺវាខុសទាំងស្រុង តែខុសកម្រិតណា ខ្ញុំអត់ច្បាស់ទេ តែដឹងតែខុសហើយ ព្រោះបាល់ទាត់ គឺមានច្បាស់តែមួយ តែប្រទេសលើពិភពលោក ត្រូវគោរពដូចៗគ្នា ពិសេសមិនពាក់ព័ន្ធនយោបានឡើយ»

យោងតាមការចុះផ្សាយម្សិលមិញ លោក Brad Adams បានរិះគន់តារាបាល់ទាត់លំដាប់ពិភពលោក Honda ដែលព្រមធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក សៅ សុខា ស្របពេលអង្គភាពអន្ដរជាតិមួយនេះ បានចោទប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺជាអ្នករំលោភសិទ្ធិមនុស្សលំដាប់ពិភពលោក។ មកទល់ពេលនេះ គេមិនទាន់ឃើញនាយឧត្តមសេនីយ៍សៅ សុខា ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ឬការបកស្រាយណាមួយទៅលើការចោទប្រកាន់ និងការទាញរឿងកីឡាករ ទៅភ្ជាប់ជាមួយរឿងនយោបាយពីសំណាក់មន្ដ្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិខាងលើនោះទេ។

យ៉ាងណាមិញ អ្នកតាមដាន និងស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា បានសម្ដែងការខកចិត្ត និងមិនគាំទ្រ ចំពោះការលើកឡើងរបស់លោក Brad Adams នេះឡើយ រហូតមានអ្នកខ្លះ បានស្នើឲ្យអង្គការអន្ដរជាតិនេះ គួរកុំចុះផ្សាយពីរឿងកីឡាល្អជាង ប្រសិនបើមិនយល់ពីនិយមន័យកីឡាច្បាស់ ហើយមានអ្នកខ្លះទៀតបាននិយាយថា ទំនេរជាអង្គការមួយនេះ អស់រឿងនយោបាយសរសេរ និងបំពុលសង្គមហើយ បានជាមកសរសេររឿងកីឡា ភ្ជាប់នឹងនយោបាយទាំងទទឹងទិសបែបនេះ៕