(កំពង់ចាម)៖ ក្រោយមានការចែកចាយ និងរិះគន់ក្នុងបណ្ដាញសង្គម Facebook ពាក់ព័ន្ធជាមួយបុគ្គលម្នាក់ ដែលប្រាប់សមត្ថកិច្ចថាខ្លួន ជាមន្ដ្រីស៊ីវិល ក្របខ័ណ្ឌក្រសួងមហាផ្ទៃម្នាក់ ហើយបានថតរូបកាំភ្លើងក្នុងរថយន្ដ សំញែងគេឯងនោះ ភ្លាមៗក្រោយការបង្ហោះប៉ុន្មានម៉ោង ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួន នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះថា ឆ្លងតាមការស្រាវជ្រាវ និងសួរនាំយ៉ាងយកចិត្តទុកដាក់នោះ ជនសង្ស័យឈ្មោះ ឃ្លី វណ្ណៈ អាយុ២៧ឆ្នាំ បានសារភាពថា ខ្លួនមានមុខរបរទិញ-លក់រថយន្ដ និងបើកកន្លែងលាងរថយន្ដ នៅខណ្ឌចំការមន រាជធានីភ្នំពេញ ហើយចំពោះចម្លើយដែលប្រាប់សមត្ថកិច្ចថា ខ្លូនធ្វើការនៅក្រសួងមហាផ្ទៃ ផ្នែកស៊ីវិល ខាងស៊ើបអង្កេត ជាចម្លើយភូតកុហកសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់អាវុធទាំង២ដើម ជនសង្ស័យបានខ្ចីពីមិត្តភ័ក្រមកដាក់ក្នុងរថយន្ដ ដើម្បីការពារខ្លួនពេលទៅការ បងប្អូនខាងប្រពន្ធ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយអាវុធ AK ស្វាយវែង ខ្ចីពីឈ្មោះ លី គ័ងច្រឹង អាយុ២៩ឆ្នាំ មុខរបរធ្វើការកាស៊ីណូ នៅខេត្តព្រះសីហនុ និងអាវុធខ្លី ខ្ចីពីឈ្មោះ ឃេ វិនតាវ អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន នៅរាជធានីភ្នំពេញ។
សូមជម្រាបថា ជនសង្ស័យដែលមានគណនី Facebook ឈ្មោះ Kongkia VS ហើយបង្ហោះរូបភាពបង្អួតកាំភ្លើងច្រងេងច្រងាងលើតាប្លូរថយន្តនេះ ឈ្មោះ ឃី វណ្ណៈ អាយុ២៧ឆ្នាំ មានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមលោកស្នងការខេត្តកំពង់ចាម ក្រោយពីទទួលបទបញ្ជាពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លោកបានចេញបទបញ្ជា ដល់ជំនាញពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនេះ ព្រមទាំងបញ្ជាឲ្យអធិការស្រុក-ក្រុងទាំង១០ កំណត់គោលដៅស្វែងរកជាបន្ទាន់។
រហូតដល់ម៉ោង១០៖០០នាទីយប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានស្វែងរកឃើញបុគ្គលរូបនេះ នៅមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបាននាំមកអធិការដ្ឋាន និងត្រួតពិនិត្យឆែកឆេរ លើរថយន្តម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-0199 ឃើញមានអាវុធ០២ដើម អាកាស្វាយវែង០១ដើម លេខ៤៣៦២ បង់មួយគ្រាប់គ្មាន និងអាវុធខ្លី០១ដើម ម៉ាក Pak លេខ០៨១៦.០០១០៤៨ បង់០១ គ្រាប់០៦។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ទៀតថា ក្រោយសួរនាំអាវុធទាំងពីរដើម និងរថយន្តមួយគ្រឿងខាងលើ និងជនសង្ស័យនេះ គ្មានអត្តសញ្ញាណសម្គាល់អ្វីទាំងអស់ ហើយជនសង្ស័យបានធ្វើតេស្តទឹកម៉ូត រកសារធាតុញៀនឃើញថា វិជ្ជមាន (មានសារធាតុញៀន) ខណៈដែលខ្លួនជិះរថយន្តពីភ្នំពេញ មកចូលរួមការនៅភូមិព្រៃទទឹង។
យ៉ាណាមិញវត្ថុតាងរថយន្ត និងអាវុធពីរដើមខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានដកហូត និងឃាត់ខ្លួនជនសង្ស័យ តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាដោយផ្ទាល់មាត់ ដើម្បីកសាងសំណុំរឿងតាមតាមនីតិវិធី៕