(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញនូវរបាយការណ៍នៃការនាំចេញ-នាំចូលរបស់កម្ពុជា ដោយបញ្ជាក់ថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨៥លានដុល្លារអាមេរិក។
សម្រាប់ការនាំចេញទំនិញ របស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់១១,២១៥លានដុល្លារ តួលេខនៃការនាំចេញនេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានត្រឹមតែ១០,៧៧៧លានដុល្លារ។
ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនផងដែរ ដោយមានចំនួន១៣,៧៧១លានដុល្លារ កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ១៣,០១៩លានដុល្លារ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «ក្នុងឆ្នាំ២០១៨នេះការនាំចេញរបស់កម្ពុជា មានការកើនឡើងចំនួន១០% កំណើននេះទទួលបានពី ការកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារ នាំចេញទៅកាន់ជាង១៤៧ប្រទេសនៅទូទាំងពិភពលោក»។
លោកបន្ដថា ការនាំចេញនេះមានទំហំប្រមាណជា ៦០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា សមិទ្ធិផលទាំងអស់នេះបានបង្ហាញថា ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែក យ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន គឺមានអត្រាប្រមាណ៧,៣% ក្នុងឆ្នាំ២០១៨នេះ៕