(តេហេរ៉ង់)៖ ឧត្តមនាវីឯកអ៊ីរ៉ង់ លោក ហាប៊ីបូឡាហ៍ សេយយ៉ារី (Habibollah Sayyari) បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងមិនអនុញ្ញាតឱ្យនាវាចម្បាំងអាមេរិកចូលមកក្បែរដែនទឹករបស់ខ្លួនជាដាច់ខាត ហើយលោកក៏ព្រមានដែរថា កងទ័ពអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
លោក Sayyari ធ្វើការកត់សម្គាល់ដូចខាងលើនៅថ្ងៃចន្ទសប្ដាហ៍នេះ អំឡុងពេលលោកធ្វើការពន្យល់ អំពីរបៀបធ្វើប្រតិកម្មឆ្លើយតបរបស់កងនាវាអ៊ីរ៉ង់ ចំពោះនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក យូអេសអេស ចន ស្ទេននីស (USS John C. Stennis) ដែលកំពុងមានវត្តមាននៅក្នុងតំបន់ឈូងសមុទ្រពែក្យ។
នាឱកាសនោះនាយឧត្តមនាវីឯករូបនេះបានឡើងយ៉ាងដូច្នេះថា «ប្រតិកម្មឆ្លើយតបរបស់កងទ័ព និងកងនាវាអ៊ីរ៉ង់នោះគឺយើងនឹងមិន អនុញ្ញាតឱ្យនាវាចម្បាំងអាមេរិក ចូលមកក្បែរដែនទឹករបស់យើងជាដាច់ខាត»។ លោក Sayyari បន្ថែមទៀតថា វត្តមាននាវាចម្បាំង អាមេរិកមិនអាចបង្កការគម្រាមកំហែងធំដុំអ្វីដល់អ៊ីរ៉ង់នោះទេ ដ្បិតអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់វិធានការឆ្លើយតប។
គួរបញ្ជាក់ថា បច្ចុប្បន្ននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS John C. Stennis កំពុងមានវត្តមាននៅក្នុងតំបន់ឈូងសមុទ្រពែក្យ ក្រោយអ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ ហ័រមូស (Hormuz)។ ចំណែកឯក្រុមអ្នកជំនាញខ្លះក៏បានព្រមានដែរថា បើសិនជាទីក្រុងតេហេរ៉ង់បិទច្រកសមុទ្រនេះមែន នោះជម្លោះយោធាដោយផ្ទាល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកអាចនឹងផ្ទុះឡើងក៏ថាបាន ខណៈអ៊ីស្រាអែលបានព្រមានថា នឹងប្រើប្រាស់គ្រប់វិធានការទំាងអស់ ក្នុងនោះរួមមានទាំងកម្លាំងយោធា ក្នុងករណីអ៊ីរ៉ងរើសយកផ្លូវមរណៈដោយបិទច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ៕