(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ កុំឲ្យដេកយល់សប្តិទាំងថ្ងៃត្រង់ថា បានត្រឡប់មកធ្វើជាមេឃុំ ចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឡើងវិញឲ្យសោះ។
បណ្តាំចុងឆ្នាំរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥.៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកុំដេកយល់សប្តិទាំងថ្ងៃត្រង់ថានឹងបានវិលត្រឡប់ មកធ្វើជាមេឃុំឡើងវិញ សូមកុំយល់សប្តិឲ្យសោះ»។
មូលហេតុដែលសម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ព្រោះមានអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានដើរឃោសនាថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ ហើយអតីតមេឃុំ ចៅសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលចូលមករួមរស់នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នឹងគ្មានការងារធ្វើឡើយ។
បើតាមប្រសាសន៍សម្តេចតេជោ ក៏បានផ្តាំទៅអតីតសកម្មជន អតីតគណបក្សសង្រ្គោះជាតិ ឲ្យខំប្រឹងរកស៉ីប្រសើរជាងធ្វើសកម្មភាពឃោសនាអសកុសល ដែលមិនអាចទៅរួចនេះ។ សម្តេចតេជោ បានផ្តាំទៀតថា ខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បន្តថា «ប្រឹងរកស៉ីទៅ ក្រែងដាច់ពោះងាប់ កុំរង់ចាំអាហ្នឹង។ ខ្មោចដែលវាងាប់ទៅមិនអាចរស់វិញទេ សូមកុំព្យាយាមឲ្យព្រះអាទិត្យរះ នៅម៉ោង១២អធ្រាត្រឲ្យសោះ»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា សម្រាប់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមកពីអតីតគណបក្សសង្គ្រោះជាតិ ទៅរួមនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក គឺនៅតែបន្តរក្សាតំណែងរហូតដល់ឆ្នាំ២០២២ ហើយអ្នកដែលមានការងារល្អ នឹងបន្តដល់អាណត្តិក្រោយៗទៀត។ សម្តេចបានថ្លែងទៀតថា ក៏នឹងមានការបង្កើតបន្ថែមអាសនៈ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង សង្កាត់ និងខណ្ឌផងដែរ៕