(ចិន)៖ សណ្ឋាគារក្រោមដី ដំបូងគេបង្អស់ក្នុងពិភពលោក បានបើកដំណើរការហើយ នៅទីក្រុងសៀងហៃ ប្រទេសចិន។
សាងសង់ឡើង នៅក្នុងអណ្ដូងរ៉ែមួយ ដែលមានជម្រៅជិត១០០ម៉ែត សណ្ឋាគារ ស៊ឺម៉ៅ ក្វារី (Shimao Quarry) ប្រណិតកម្ពស់១៩ជាន់នេះ គឺជាសណ្ឋាគារទាបជាងគេបង្អស់ ក្នុងពិភពលោក ពោលគឺមានតែ២ជាន់ នៃសណ្ឋាគារប៉ុណ្ណោះ ដែលស្ថិតនៅពីលើដី។ ថ្លៃស្នាក់នៅថោកបំផុត ក្នុង១បន្ទប់ គឺ៦០០ដុល្លារអាមេរិកក្នុង១យប់។
អ្នកនាង ស៊ូ ហុងទ័រ និងមិត្តរបស់គាត់ គឺជាអតិថិជនដំបូងនៅទីនេះ។ មិនខុសពីពលរដ្ឋសៀងហៃផ្សេងទៀតប៉ុន្មានទេ អ្នកនាង ស៊ូ ចូលចិត្តសាកល្បងអ្វីដែលប្លែកៗ។ គាត់បានទន្ទឹងរង់ចាំថ្ងៃ ដែលសណ្ឋាគារបើកដំណើរការ ជាយូរមកហើយ។
អ្នកនាង ស៊ូ ហុងទ័រ ភ្ញៀវសណ្ឋាគារ បាននិយាយថា «ទេសភាពនៅឯមាត់បង្អួច គឺពិតជាប្លែកគ្មានពីរមែន។ គឺយើងមិនឃើញមេឃ ឬ សមុទ្រទេ តែយើងឃើញទេសភាពភ្នំវិញ។ មើលទៅទីនេះមានសាច់រឿង ដែលគួរឲ្យចង់ដឹងច្រើនណាស់»។
អ្នកនាងបន្ដថា ពីដំបូងឡើយ គេបានរំពឹងថា អណ្ដូងនៅជាយក្រុងសៀងហៃនេះ នឹងក្លាយជាកន្លែងចាក់សំរាម។ តែដោយហេតុថា រដ្ឋាភិបាលចិន រឹតបន្តឹងលើបញ្ហាបំពុលបរិស្ថាន គេក៏សម្រេចកែប្រែអណ្ដូងនេះ ឲ្យទៅជាសណ្ឋាគារ ដែលប្លែកគ្មានពីរវិញ។ នៅពេលសាងសង់ វិស្វករបានប្រឈមនឹងបញ្ហាជាច្រើន ដូចជានៅពេលរៀបចំប្រព័ន្ធផ្លូវខ្យល់ ប្រព័ន្ធភ្លើង ប្រព័ន្ធពន្លត់អគ្គិភ័យ និងប្រព័ន្ធទប់ទល់នឹងរញ្ជួយដីជាដើម។
លោក ឈិន សៀវស៊ាំង ប្រធានក្រុមវិស្វករ សណ្ឋាគារ Shimao Quarry បានឲ្យដឹងថា «យើងបានជួប នឹងបញ្ហាថ្មីៗជារៀងរាល់ថ្ងៃ នៅជំនាន់ដែលយើង កំពុងសាងសង់សណ្ឋាគារនេះឡើង។ បញ្ហាកាន់តែច្រើន ក៏ធ្វើឱ្យការសាងសង់ ត្រូវចំណាយប្រាក់កាន់តែច្រើនដែរ។ ប៉ុន្តែភាពជោគជ័យរបស់យើង លើការសាងសង់សណ្ឋាគារនេះ បានផ្ដល់ជាបទពិសោធន៍ ដ៏មានតម្លៃសម្រាប់ឲ្យអ្នកឯទៀត អាចបំឡែងតំបន់ធម្មជាតិ ដែលគេបោះបង់ចោលនៅទូទាំងពិភពលោក ឲ្យក្លាយជាកន្លែងដែលល្អវិញ»។
លោក ឈិន សៀវស៊ាំង បានបញ្ជាក់ថា ជាក់ស្ដែង តាមរយៈជំនាញវិស្វកម្ម អណ្ដូងដែលមានស្លាកស្នាមមួយនេះ បានផ្លាស់ប្រែមុខមាត់ ទៅជាទេសភាពដ៏ស្រស់ស្អាតសារជាថ្មីម្ដងទៀត៕ (សារព័ត៌មាន CCTV របស់ចិន)