(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី ដែលកំពុងរស់គេចពីសំណាញ់ច្បាប់របស់កម្ពុជានៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ បានបង្ហោះពាក្យបណ្តឹងមួយលើ Facebook របស់លោកដោយបានបញ្ជាក់ថា ពាក្យបណ្តឹងនោះលោកដាក់ទៅកាន់សហភាពអឺរ៉ុប ដើម្បីសុំដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពាក្យបណ្តឹងសរសេរជាភាសាអង់គ្លេស លោក សម រង្ស៉ី បានជំរុញឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មឲ្យកាន់តែខ្លាំង និងកាន់តែឆាប់រហ័សបើអាជ្ញាធរកម្ពុជា នៅតែគំរាមកំហែងមន្ត្រី និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យបង្ហោះវីដេអូបង្ហាញការគាំទ្រលោកដែលក្លាយជាប្រធានស្តីទីខ្មោចបក្សមួយនេះ។
ក្រោយការបង្ហាញនូវពាក្យបណ្តឹងមួយនេះមានប្រជាពលរដ្ឋខ្មែរជាច្រើនចេញមកប្រតិកម្ម និងរិះគន់ទណ្ឌិត សម រង្ស៉ី ថា គិតតែពីប្រយោជន៍ខ្លួន និងបក្ខពួក ដោយមិនគិតផលប៉ះពាល់មកលើប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលកើតចេញពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
ពលរដ្ឋខ្មែរម្នាក់មានឈ្មោះ «Vicheka Nuth» បានបញ្ចេញយោបល់លើ Facebook ថា «ខ្ញុំមិនដែលឃើញអ្នកស្រី អ៊ុង សាន់ស៊ូជី ទាមទារឲ្យរដ្ឋអំណាចបរទេសដាក់ទណ្ឌកម្មប្រទេសគាត់ទេ មានតែស្វះស្វែងរកការគាំទ្របន្ថែម»។
ពលរដ្ឋខ្មែរម្នាក់ទៀតឈ្មោះ «Dany Se» បានលើកឡើងថា បើប្រើវិធីនេះអាចឲ្យរាជរដ្ឋាភិបាលខ្មែរកែប្រែក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំមិនសូវថ្វីនោះទេ តែបើទណ្ឌនេះអូសបន្លាយរាប់ទសវត្សរ៍ តើនរណាជាអ្នកចាញ់ និងវិនាសឲ្យពិតប្រាកដ?
លោក «Senghour Soth» បានសរសេរថា «ប្រជាពលរដ្ឋខ្មែរអ្នកមើលចុះនេះហើយចរិតសមរង្ស៉ី»។ លោក «Net Savuth» បានសរសេរថា «គេខំឲ្យបរទេសវិនិយោគ ឯងវិញគិតតែប្រយោជន៍ខ្លួនឯងមិនគិតថា ខ្មែអត់ការងារធ្វើទេអីលោក»។
ដោយឡែកលោក សៀម បញ្ញា បានសរសេរបែបឌឺដង និងចោទជាសំណួរទៅទណ្ឌិតសម រង្ស៉ី ថា មួយមាត់ណាក៏ស្រឡាញ់ខ្មែរ ចង់ជួយខ្មែរ តែហេតុអ្វីដើរទៅប្តឹងសហភាពឲ្យដាក់ទណ្ឌកម្មខ្មែរទៅវិញ?
សម្រាប់យុវជន ហុង ប៊ុនណា បានលើកឡើងថា លោក សម រង្ស៉ី តាំងពីរត់ចោលស្រុកមក ឮតែពាក្យប្តឹងខាងនេះ ខាងនោះមិនចេះចប់ តែមិនដែលបានផេះស្អីសោះ។
លោក «Pu Tour» បានចោទជាសំណួរវិញថា តើថ្ងៃណាទើបប្រទេសកម្ពុជា បានរួចផុតទុក្ខពីមនុស្សដូចជាទណ្ឌិត សម រង្ស៉ី។ ដោយឡែកលោក Sophat Jetli បានលើកឡើងថា ការដាក់ទណ្ឌកម្មមិនស្លាប់រាជរដ្ឋាភិបាលកម្ពុជាទេ ផ្ទុយទៅវិញគឺប្រជាពលរដ្ឋជាអ្នកស្លាប់។
ក្រៅពីឈ្មោះដូចបានលើកឡើងខាងលើ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានបង្ហាញប្រតិកម្ម និងរិះគន់ធ្ងន់ៗចំពោះសំណើរបស់ទណ្ឌិត សម រង្ស៉ី ដែលឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជានេះ។
ខាងក្រោមគឺជាមតិយោបល់របស់ប្រជាពលរដ្ឋខ្មែរ ដែលប្រតិកម្មទៅនឹងទណ្ឌិត សម រង្ស៉ី៖