(ចិន)៖ ក្រោយពេលអនុម័តច្បាប់ថ្មី ដែលមានលក្ខណៈរួមបញ្ចូលគ្នានេះ នឹងជំនួសឱ្យច្បាប់បី ដែលកំពុងអនុវត្តសព្វថ្ងៃ ពោលគឺច្បាប់ស្ដីអំពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេស ច្បាប់ស្ដីអំពីការវិនិយោគរួមគ្នា ដែលក្រៅពីការបណ្ដាក់ទុនជាប្រាក់ និងច្បាប់ស្ដីពីក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់បរទេសទាំងស្រុង។
ដោយប្រទេសចិនព្យាយាមកសាងឱ្យមានគ្រឹះស្ថានថ្មីៗ និងបើកចំហរទីផ្សារនៅក្នុងប្រទេស ច្បាប់ដែលកំពុងមានសព្វថ្ងៃ មិនទាន់អាចបំពេញតាមតម្រូវការបានឡើយទេ។ ហើយច្បាប់ថ្មីនេះ មានបំនងចង់ឱ្យគេអាចប្រើប្រាក់ទុនរបស់បរទេស បានកាន់តែមានប្រសិទ្ធភាពជាងមុន។
យន្ដការសំខាន់ៗពាក់ព័ន្ធនឹងការសម្របសម្រួល ការការពារ និងការគ្រប់គ្រងប្រាក់ទុនបរទេស ក៏មានចែងនៅក្នុងសេចក្តីព្រាងច្បាប់នេះដែរ។
ទង្វើនេះគូសបញ្ជាក់ឱ្យឃើញអំពីការធ្វើកំណែទម្រង់របស់ចិន ទៅលើរចនាសម្ព័ន្ធគ្រឹះស្ថាន ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីៗ ដែលកើតមានឡើងនៅពេលធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច និងការផ្លាស់ប្តូរនៃច្បាប់អន្តរជាតិ ស្ដីអំពីការវិនិយោគ។ នេះបើយោងតាមសំណើគោលនយោបាយរដ្ឋាភិបាលចិន ដែលមានចំនងជើងថា ប្រទេសចិន និងអង្គការពាណិជ្ជកម្មពិភពលោក ដែលបានចេញផ្សាយកាលពីខែមិថុនាកន្លងទៅ។
កាលពីខែមិថុនា រដ្ឋាភិបាលចិន បានចេញផ្សាយបញ្ជីហាមវិនិយោគ ដែលមានបំរាមតិចជាង មុនចំពោះក្រុមហ៊ុនបរទេស។ បញ្ជីនេះបានកាត់បន្ថយបំរាមពី៦៣ អាជីវកម្ម មកសល់ត្រឹម៤៨អាជីវកម្មវិញ និងបានលុបចោលបំរាម ចូលទីផ្សារចំពោះវិស័យជាច្រើនផងដែរ។
សេចក្តីព្រាងច្បាប់ថ្មី ចែងថា ប្រទេសចិនមានបំណងចង់កសាង និងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធសម្របសម្រួលដល់ការវិនិយោគរបស់បរទេស ក៏ដូចជាបង្កើតឱ្យមានបរិយាកាស វិនិយោគមួយដែលនឹងនរ មានតម្លាភាព និងអាចព្យាករណ៍បាន។
សេចក្តីព្រាងច្បាប់ដដែលក៏រៀបរាប់ដែរថា រដ្ឋាភិបាលនៅតាមមូលដ្ឋានគួរ ខិតខំបំពេញតាមកិច្ចសន្យាស្របច្បាប់ គ្រប់ប្រភេទជាមួយក្រុមហ៊ុនដែលបណ្ដាក់ទុនដោយបរទេស។ បើមិនដូច្នោះទេ ក្រុមហ៊ុនបរទេស គួរទទួលបានសំណង ចំពោះការខាតបង់របស់ពួកគេ។
សេចក្តីព្រាងច្បាប់នេះ បានគូសបញ្ជាក់អំពីការការពារកម្មសិទ្ធិបញ្ញា របស់អ្នកវិនិយោគបរទេស និងក្រុមហ៊ុនបរទេស ព្រមទាំងលើកទឹកចិត្តឱ្យមានសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាដោយស្ម័គ្រចិត្ត ដោយផ្អែកលើគោលការណ៍ក្រុមហ៊ុននីមួយៗ។
សេចក្តីព្រាងច្បាប់នេះ ចែងថា លក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាដែលមានការចូលរួម ពីក្រុមហ៊ុនបរទេស គួរតែត្រូវបានសម្រេចចិត្តដោយគ្រប់ភាគីទាំងអស់ ដែលចូលរួមបណ្ដាក់ទុន តាមរយៈការចរចាគ្នា ហើយមន្ទីរនិងមន្ត្រីរដ្ឋាភិបាល មិនអាចប្រើមធ្យោបាយរដ្ឋបាលណាមួយ ចំពោះការដោះដូរបច្ចេកវិទ្យាទាំងឡាយដែលត្រូវបានគេបង្ខំនោះទេ។
បើគិតត្រឹមដំណាច់ខែវិច្ឆិកានេះ ក្រុមហ៊ុនដែលបណ្ដាក់ទុនដោយបរទេស សរុបចំនួន៩សែន៥ម៉ឺនក្រុមហ៊ុន បានចុះបញ្ជីនៅប្រទេសចិន ដោយស្របទៅតាមច្បាប់បច្ចុប្បន្ន។ ក្រុមហ៊ុនទាំងនេះ បានបណ្ដាក់ទុនសរុបជាង២លានៗដុល្លារអាមេរិក ពោលគឺជាកម្លាំងជំរុញដ៏ធំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិន៕ (សារព័ត៌មាន CCTV របស់ចិន)