(ភ្នំពេញ)៖ ក្នុងឯកសណ្ឋានជាកងទ័ពបុរសខ្លាំងកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីតែរំដោះទឹកដីកម្ពុជា ឲ្យមានសុខសន្ដិភាព និងការរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វិមាននយោបាយឈ្នះឈ្នះ គឺជាសមិទ្ធិផលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជាផ្ទះរបស់សម្ដេចនោះទេ។
សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ បានអះអាងបែបនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអមដំណើរដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លែងនេះ (វិមាននយោបាយឈ្នះឈ្នះ) គឺធ្វើមិនមែនជាផ្ទះរបស់ខ្ញុំនោះទេ ហើយក៏មិនមែនជារបស់អ្នកណាមួយដែរ តែជារបស់ជាតិ ហើយក៏បើកឱកាសឲ្យប្រជាជនកម្ពុជា យុវជន និស្សិតរបស់យើង មកចូលរួមធ្វើការស្រាវជ្រាវនៅទីនេះ ហើយមកលេងកម្សាន្ដនៅទីនេះ និងធ្វើការហាត់ប្រាណ ឬក៏ចង់ធ្វើអ្វីទៅតាមបំណង»។
បុរសខ្លាំងកម្ពុជារូបនេះ ក៏បានឲ្យដឹងផងដែរថា ថវិកាប្រើសម្រាប់សាងសង់វិមាននយោបាយឈ្នះឈ្នះភាគច្រើន ជាថវិការបស់សាលារាជធានីភ្នំពេញ ហើយថវិកាសម្រាប់សាងសង់នេះ បានចំណាយប្រមាណ ១២លានដុល្លាររួចទៅហើយ ខណៈដែលមានថវិកាមួយចំនួនទៀត បានត្រៀមបម្រុងសម្រាប់បន្តការសាងសង់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ការដែលសម្រេចសាងសង់វិមាននយោបាយឈ្នះឈ្នះ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ព្រោះតែតំបន់នោះនឹងក្លាយជាទីក្រុងរណប របស់រាជធានីភ្នំពេញ ហើយកន្លែងដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា Sea Game ឆ្នាំ២០២៣ គឺនៅតំបន់នេះឯង ពោលនៅពហុកីឡដ្ឋានមរតកតេជោ។
សូមជម្រាបថា វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព។ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃ កូនខែ្មរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យ ដ៏មានសារសំខាន់ចំនួនបី រួមមាន៖ ទី១៖កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣ នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១៖ការធានារូបកាយ និងអាយុជីវិត, ទី២៖ធានាអាជីព និងមុខរបរ និងទី៣៖ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី២៖តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ទី៣៖តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ៕