(ភ្នំពេញ)៖ សភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក (APPF) លើកទី២៧ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព (Strengthening Parliamentary Partnership for Peace, Security and Sustainable Development»។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ពិធីបើកវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩៖០០នាទី ដោយមានព្រះរាជសារស្វាគមន៍របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនដល់វេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក។
ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ពេលបើកវេទិកាសភា ដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសសមាជិកវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ចំនួន២៧ប្រទេស នឹងចូលរួម ព្រមទាំងវត្តមាននៃគណៈប្រតិភូភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍។
សូមជម្រាបថា វេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។
សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិ ចំនួន២៧ប្រទេស៕