(ភ្នំពេញ)៖ «ខ្ញុំមិនក្បត់បក្សទេ តែខ្ញុំក្បត់តែ សម រង្ស៊ីប៉ុណ្ណោះ» នេះគឺជាសម្តីហ្ស៊ីន និងប្រកបដោយការឌឺដងរបស់លោក គង់ បូរ៉ា កូនប្រុសរបស់លោក គង់ គាំ អតីតតំណាងរាស្ត្រឆ្លើយតបទៅនឹង ការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ថា ក្បត់បក្សចំពោះបុគ្គលណាក្នុងចំណោមបុគ្គលទាំង១១៨នាក់ ដែលធ្វើលិខិតស្នើសុំការលើកបំរាមធ្វើនយោបាយដែលបានកំណត់ដោយច្បាប់ ខណៈពេលនេះ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបានអនុម័តរួចរាល់ហើយ។

សម្តីរបស់លោក គង់ បូរ៉ា គឺជាការការត្បកក្បាលទណ្ឌិត សម រង្ស៊ី យ៉ាងឆ្ងាញ់ដៃបំផុតក្រោយពីទណ្ឌិតរូបនេះធ្វើទង្វើផ្តេសផ្តាសបំបែកបំបាក់ខ្មោចបក្សសង្គ្រោះជាតិជាបន្ត បន្ទាប់ដើម្បីស្វែងរកទីតាំង ឈរជើងនយោបាយរបស់ខ្លួនឡើងវិញ ក្រោយពីបានដឹងខ្លួនដូចខ្មោច ៧ ថ្ងៃថាខ្លួន កំពុងតែបាត់បង់តម្លៃ គ្មានឥទ្ធិពលនយោបាយ និងបាត់បង់ការគាំទ្រទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ នៅពេលដឹងថាខ្លួនមិនស្ថិតក្នុងចំណោមមនុស្ស ១១៨ នាក់ដែលអាចស្នើសុំនីតិសម្បទាចូលធ្វើនយោបាយវិញបាន សម រង្ស៊ី បានរារាំងនិងហាមឃាត់មិនឱ្យអ្នកនយោបាយ ជាប់បំរាមស្នើសុំឱ្យមានការលើកលែងបំរាមឡើងវិញឡើយដោយធ្វើការបំភិតបំភ័យ និងលាបពណ៌អ្នកទាំងនោះថាជាអាយ៉ងបក្សកាន់អំណាច និង លក់ខ្លួនឱ្យបក្សកាន់អំណាចជាដើម ដើម្បីបម្រើនយោបាយសួនតួនិយមរបស់ខ្លួន។ នេះក៏ជាចរិកហ្ស៊ីនរបស់សម រង្ស៊ី ដែលពូកែធ្វើនយោបាយបែបប្រជាភិថុតិ និងធ្វើប្រជោបាយនិយម ដោយចាប់យកការញុះញង់ ហិង្សា មួលបង្កាច់ លាបពណ៌ជាមធ្យោបាយ។

ដោយបានមើលឃើញពីអាជីពនយោបាយរបស់ខ្លួនកំពុងត្រូវបានជីកកប់បាត់ក្នុងដី សម រង្ស៊ី ត្រូវបង្ខំចិត្តធ្វើអ្វីៗទាំងអស់ ទោះបីជាបំពានច្បាប់ និងលក្ខន្តិកៈខ្មោចបក្សយ៉ាងណាក៏ដោយ ក៏សម រង្ស៊ី នៅតែបន្តធ្វើមុខក្រាស់ដើម្បីរកទីតាំងឈរជើងនយោបាយក្រោមរូបភាពខ្មោចបក្សសង្គ្រោះជាតិ។ ពេលខ្លះសម រង្ស៊ី បាន តាំងខ្លួនឯងថាជាសំប៉ានទៅស្វែងរកជំនួយ ដើម្បីសង្គ្រោះសំពៅខ្មោចបក្សសង្គ្រោះជាតិ ដែលជាន់គឿងនៅ កណ្តាលមហាសមុទ្រ និងជួយរំដោះមេទ័ព និងពេលខ្លះតាំងខ្លួនជាតួឯកថាមានតែ សម រង្ស៊ី តែម្នាក់គត់អាច ស្រោចស្រង់ និងប្រស់គណបក្សសង្គ្រោះជាតិដែលស្លាប់ទៅហើយឱ្យរស់ឡើងវិញ។ ឆ្លេរឆ្លារចុះឡើងមិនដឹងទិសដៅពិតប្រាកដ តែតាមពិតសំប៉ាន សម រង្ស៊ី ឆ្លេរឆ្លារគ្មានកន្លែងចតខ្លួនឯង ក៏ឡើងចតបែកសំពៅជាពីរ ជាបីបំណែក ហើយស្រែកប្រាប់គេឯងថាខ្លួនបាននិងធ្វើឱ្យសំពៅឈប់គឿងហើយ នៅតែរំដោះមេទ័ពកឹម សុខា ឱ្យមានសេរីភាពវិញតែប៉ុណ្ណោះ។

នេះគ្រាន់តែជាល្បិចដណ្តើមខ្មោចបក្សសង្គ្រោះជាតិមកគ្រប់គ្រងវិញតែប៉ុណ្ណោះ ព្រោះ សម រង្ស៊ី បានបរាជ័យគ្រប់ជ្រុងទាំងអស់។ ការព្យាយាមលើកទី១ ឡើងគ្រប់គ្រងបក្ស វិញតាមរយៈការបង្កើតចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិមិនទទួលបានជោគជ័យដោយសារតែគ្នានរណា ស្វាគមន៍ និងធ្វើការជាមួយ ហើយពេលនេះទៀត សម រង្ស៊ី និងគូកនដែលមាន អេង ឆៃអ៊ាង និងមូរ សុខហួរ ជាអ្នកឃុបឃិតរៀបចំបក្សប្រហារលើកបន្តុបមនុស្សក្រៅបក្ស សម រង្ស៊ី ឱ្យធ្វើជាប្រធានស្តីទីខ្មោចបក្ស សង្គ្រោះជាតិ ក៏មិនត្រូវបានទទួលស្វាគមន៍ឡើយ ប៉ុន្តែត្រូវបានអតីតសកម្មជនខ្លួនហៅថាជាមនុស្សចង្វៃដល់បក្សទៅវិញ ហើ់យនឹងត្រូវបានរិះគន់ ជេរប្រទេចផ្តាសាគ្រប់ទីកន្លែង។ បរទេសដែលធ្លាប់តែគាំទ្រ ក៏មិនបាន អើពើជាមួយនឹងសម រង្ស៊ី អ្នកគាំទ្រអតីតខ្មោចបក្សសង្គ្រោះជាតិដែលអះអាងថាមានកន្លះប្រទេសក៏មិនបាន បង្ហាញការគាំទ្រ ប៉ុន្តែបែរជាមកវាយប្រហារ សម រង្ស៊ី ធ្វើបក្សប្រហារទៅវិញ។

តាមរយៈការមិនស្វាគមន៍ពីអតីតអ្នកគាំទ្ររបស់ខ្លួន និងចុងក្រោយ តាមរយៈសម្តីរបស់ លោក គង់ បូរ៉ា អាចមានន័យគ្រប់គ្រាន់សម្រាប់ទណ្ឌិត សម រង្ស៊ី ថាអំណាចរបស់ខ្លួន ឥទ្ធិពលរបស់ខ្លួនដែលធ្លាប់មានពីមុនគឺបានរលាយអស់ទៅហើយ។ ពេលនេះ សូម្បីតែក្មេងជំនាន់ក្រោយក៏ មិនបានឱ្យតម្លៃអ្នកនយោបាយចាញ់វស្សារូបនេះដែរ។ នៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក ក្រៅពីក្រុមចលនាសង្គ្រោះជាតិមួយក្តាប់តូចគាំទ្រ សម រង្ស៊ី ត្រូវបានសកម្មជនដែលធ្លាប់គាំទ្រខ្លួនពីមុនមកជេរប្រទេចផ្តាសាហុយដី និងបានដៀលត្មិះ សម រង្ស៊ី ថាជាអ្នកនយោបាយចាញ់មិនដែលឈ្នះ ជាមនុស្សគ្មានការអៀនខ្មាស ដែលលេបពាក្យសម្តីខ្លួន ភូតភរកុហកបោកប្រាស់សកម្មជនរបស់ខ្លួននិងធ្វើអ្វីៗដើម្បីតែប្រយោជន៍បុគ្គលខ្លួន ដោយមិនបានគិតពីអ្នកដទៃ។ សម្តីរបស់សម រង្ស៊ី នៅពេលនេះសាបដូចទឹកទន្លេ និងគ្មានតម្លៃនឹងអាចអូសទាញអតីតកូនចៅរបស់ខ្លួនទៀតឡើយ។ សម រង្ស៊ី នឹងមិនអាចទប់ចរន្តនៃការស្នើសុំការលើកលែងការ ហាមឃាត់សិទ្ធិនយោបាយរបស់បុគ្គលទាំង ១១៨ នាក់ដែលហាមឃាត់ដោយច្បាប់នោះទេ។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចទៅហើយដើម្បីដាក់ពាក្យស្នើសុំ ឱ្យមានការលើកបំរាមធ្វើនយោបាយលើខ្លួន។

ដូច្នេះទោះបីជា សម រង្ស៊ី ខំរារាំងបំផិតបំភ័យទាល់តែបែកប្រមាត់ខ្លួនឯងយ៉ាងណាក៏ដោយ ក៏អ្នកនយោបាយជាប់បំរាមភាគច្រើន នឹងដាក់ពាក្យស្នើសុំស្តារនីតិសម្បទាឡើងវិញ ព្រោះពួកគេនឹងមិនអាចបន្តដើរតាមទណ្ឌិត សម រង្ស៊ី ទៀតទេព្រោះពួកគេដឹងច្បាស់ណាស់ថាជីវិតនយោបាយ សម រង្ស៊ី បានបិទបញ្ចប់ ទៅហើយធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិនៅក្រៅសង្វៀននយោបាយ គ្មានតម្លៃ និងគ្មានទីពឹង។ សម រង្ស៊ី ជាប់ជំពាក់នឹងទោសទណ្ឌយ៉ាងច្រើន វណ្ឌកនឹងច្បាប់ គ្មានថ្ងៃដែលអាចរើខ្លួនបានឡើយ ហើយក្នុង នោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគោលជំហរច្បាស់លាស់ហើយថាលោកនឹងមិនទូលថ្វាយ ព្រះមហាក្សត្រស្នើសុំការលើកលែងទោសឱ្យ សម រង្ស៊ី ដាច់ខាតព្រោះលោកមានមេរៀនគ្រប់គ្រាន់ហើយ ជាមួយទណ្ឌិត សម រង្ស៊ី ដ៏ក្រឡិចក្រឡុចនេះ។ ដូច្នេះ សម រង្ស៊ី គ្មានតម្លៃនយោបាយឡើយ ហើយក៏មិនអាច ឱ្យអ្នកផ្សេងពឹងពាក់ខ្លួនឯងដែរ។ អ្នកនយោយជាប់បំរាមដែលនឹងទទួលបាននីតិសម្បទាឡើងវិញនឹងអាចចូលរួមបង្កើតបក្សថ្មី ឬចូលជាមួយនឹងលោក គង់ គាំ ដែលធុញទ្រាន់នឹងការដឹកនាំបែបផ្តាច់ការ និងគ្មាន យុទ្ធសាស្ត្រច្បាស់លាស់របស់ សម រង្ស៊ី ខណៈអ្នកមួយចំនួនទៀតបន្តរង់ចាំ កឹម សុខា និងការរស់ឡើងវិញនៃគ ណបក្សសង្គ្រោះជាតិដែលមិនអាចទៅរួច។

ដូច្នេះ ជម្រើសរបស់ សម រង្ស៊ី ធ្វើបក្សប្រហារដណ្តើមខ្មោចបក្សមកគ្រប់គ្រងវិញ បាននិងកំពុងតែ បរាជ័យបណ្តើរៗហើយ និងបានក្លាយទៅជាក្រុមឯកោ។ ឯកោទាំងផ្នែកនយោបាយ និងឈានដល់ឯកោទាំង ផ្នែកហិរញ្ញវត្ថុព្រោះដោយសារតែ សម រង្ស៊ី បាត់បង់កាគាំទ្រក្នុងចំណោមសកម្មជនរបស់ខ្លួន និងនបាត់បង់ការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងបាត់បង់ការឱ្យតម្លៃ ជាកូនអុកនយោបាយរបស់បរទេសជាចៅហ្វាយនាយរបស់ខ្លួនក៏ព្រោះតែ សម រង្ស៊ី បាត់បង់តម្លៃនយោបាយ និងលែងជាអាយ៉ងមានតម្លៃ របស់ពួកគេទៀតហើយ។ ទាំងសកម្មជននៃខ្មោចបក្សសង្គ្រោះជាតិ រួមនឹងបរទេសមួយចំនួនបានផ្តល់តម្លៃ ឱ្យទៅក្រុម កឹម សុខានិយមដែលគេមើលឃើញថាមិនកំសាកដូចសម រង្ស៊ី រត់ចោលស្រុក និងគុកច្រវ៉ាក់។ ចុងបញ្ចប់ សម រង្ស៊ី នឹងត្រូវចោលឆ្អឹងនៅក្រៅប្រទេស ព្រោះសម រង្ស៊ី មិនមែនជាអ្នកក្លាហានពិតប្រាកដ ហ៊ានចូលស្រុកខ្មែរមក ជាប់គុកដូចខ្លួនអួតអាងនោះទេ ហើយសម រង្ស៊ី នឹងជាប់ឈ្មោះជាមេបក្សប្រហារ ជាអ្នកនយោបាយមាន់សម្លរ គ្មានបានការម្នាក់ប៉ុណ្ណោះ។

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៩