(ចិន)៖ អ្នកស្រាវជ្រាវជនជាតិចិនម្នាក់ បានចំណាយពេលវេលាមួយភាគធំ នៃជីវិតរបស់គាត់ ដើម្បីស្វែងរកតន្ត្រីបុរាណរបស់ចិន និងធ្វើឲ្យតន្រ្តីនោះរស់រានមានជីវិតឡើងវិញ សម្រាប់ទាក់ទាញចំណាប់អារម្មណ៍មនុស្ស នាសម័យទំនើបនេះ។
លោក ធាន ឈីង គឺជាប្រធានសមាគមសិក្សាល្ខោនឈុនឈូ និង ពិនចិន។ លោកក៏ជាអតីតប្រធានមជ្ឈមណ្ឌល ការពារបេតិកភណ្ឌវប្បធម៌អរូបិយចិនផងដែរ។ លោក ធាន និយាយថា សាច់រឿងស្វែងរក តន្ត្រីបុរាណចិនរបស់គាត់ បានចាប់ផ្ដើមកាលពីរាប់សិបឆ្នាំមុន នៅគ្រាដែលគាត់ចាប់ផ្ដើមប្រឡូក ក្នុងការងារថតតន្ត្រីបុរាណ។
កាលណោះ គាត់ធ្វើជាគ្រូបង្រៀនប្រវត្តិតន្ត្រីបុរាណចិន និងតន្ត្រីបុរាណលោកខាងលិច នៅសាលាតន្ត្រីអភិរក្សធានជីន។ នៅជំនាន់នោះហើយ ដែលគាត់បានរកឃើញថា មានឯកសារពាក់ព័ន្ធតន្ត្រីបុរាណចិនតិចតួចណា ស់ បើប្រៀបនឹងចំនួនឯកសារ អំពីតន្ត្រីបុរាណរបស់លោកខាងលិច។
លោក ធាន ឈីង អ្នកជំនាញផ្នែកបេតិកភណ្ឌវប្បធម៌អរូបិយ បាននិយាយថា «ខ្ញុំបានចូលទៅផ្នែកខាងក្នុងរបស់ប្រាសាទ ដើម្បីរកមើលក្រែងលោ មានតន្ត្រីបុរាណខ្លះនៅទីនោះ។ វប្បធម៌ពាក់ព័ន្ធនឹងសាសនា មិនសូវមានគេសិក្សាប៉ុន្មានទេ។ តែកាលណោះ គឺមិនទាន់មានគេកំណត់ តំបន់ហាមឃាត់មិនឲ្យចូលនោះទេ។ ឯអ្នកស្រាវជ្រាវជាទូទៅ ក៏មិនចូលទៅសិក្សាអំពីតំបន់នោះដែរ។ ដូច្នេះ ខ្ញុំក៏ដើរចូលទៅតំបន់នោះ ដោយគ្មានស្ទាក់ស្ទើរអ្វីនោះទេ»។
ដោយមានកាន់ឧបករណ៍ថតសំលេងនៅក្នុងដៃ លោក ធាន ក៏ចាប់ផ្ដើមសិក្សាអំពីតន្ត្រីបែបសាសនា កាលពី៣០ឆ្នាំមុន និងបានបន្តការងារនេះរហូតមក។ គាត់បានចំណាយពេល១០ឆ្នាំ ដើម្បីថតតន្ត្រីអំពីព្រះពុទ្ធសាសនា ហើយកាសែតទាំង៣០ដុំ ដែលគាត់បានថត ក៏បានក្លាយជាឯកសារកំណប់ទ្រព្យ សម្រាប់ឲ្យអ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវ អំពីតន្ត្រីបុរាណរបស់ប្រទេសចិន។
លោក ធាន ឈីង បានឲ្យដឹងថា «ខ្ញុំបានកើនចំណេះដឹង ហើយក៏បានយល់ដឹងអំពីសារៈសំខាន់នៃវប្បធម៌បុរាណរបស់ចិនដែរ ដូចជាវប្បធម៌ព្រះពុទ្ធសាសនា ដែលមានលក្ខណៈពិសេសជាងការ គិតរបស់យើងឆ្ងាយណាស់។ វប្បធម៌នេះ បានរក្សាភាពគង់វង្សរបស់វាបានយ៉ាងល្អ បើទោះជាវាបានឆ្លងកាត់កាលៈទេសៈដ៏ពិបាកៗ ជាច្រើនក៏ដោយ»។
លោក ធាន ត្រូវបានតែងតាំងជាអនុប្រធានមជ្ឈមណ្ឌលការពារបេតិកភណ្ឌវប្បធម៌អរូបិយរបស់ចិន កាលពីឆ្នាំ២០០៦។ គាត់បានរៀបចំការតាំងពិព័រណ៍មួយ ដើម្បីបង្ហាញលទ្ធផលដែលកើតចេញ ពីការខិតខំរបស់ប្រទេសជាតិលើការងារអភិរក្សវប្បធម៌។ ពិព័រណ៍នោះ បានផ្ដល់ឱកាសឲ្យប្រជាជនចិន អាចក្រឡេកមើលមកបេតិកភណ្ឌវប្បធម៌ ដ៏មានតម្លៃរបស់ជាតិ សារជាថ្មី។
លោកបានបន្ថែមថា «អ្នកដែលបានមកមើលកម្មវិធីពិព័រណ៍នោះ បានប្រាប់ខ្ញុំថា គេមិនដែលបានដឹងសោះ ថាប្រទេសចិន នៅសល់វត្ថុដ៏ពិសេសអស្ចារ្យច្រើនបែបនេះ»៕ (សារព័ត៌មាន CCTV របស់ចិន)