(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសឈ្មោះ អៀង ជលសារ ដាក់ពន្ធនាគារចំនួន០៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៥លានរៀល ពាក់ព័ន្ធនឹងការជេរប្រមាថ អង្គព្រះមហាក្សត្រ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។
សូមរំលឹកថា សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បានឃាត់បុរសម្នាក់ បន្ទាប់ពីគេបានប្រើ Account facebook ឈ្មោះអៀង ជលសារ ហើយជេរប្រមាថព្រះមហាក្សត្រ កាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៩.១៦នាទីយប់ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បន្ទាប់ពីធ្វើស្រាវជ្រាវលើបណ្តាញសង្គម ដោយសហការជាមួយ បណ្តាក្រុងដែលសង្ស័យជាអាសយដ្ឋានបច្ចុប្បន្នរបស់ជនម្ចាស់គណនេយ្យខាងលើដូចជា៖ ខេត្តស្វាយរៀង រាជធានីភ្នំពេញ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនឈ្មោះ អៀង ជុលសា ប្រុស ឆ្នាំ១៩៩២ នៅវេលាម៉ោង១៦៖៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រមទាំងបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីសាកសួរនឹងកសាងសំណុំរឿងទៅតុលាការ តាមនីតិវិធីតែម្តង៕