(ភ្នំពេញ)៖ បន្ទាប់ពីបានពិនិត្យស្ថានភាពទឹកក្នុងបឹងទន្លេសាប លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានឲ្យដឹងថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានច្រើនចាប់ពីថ្ងៃទី១១ ខែមករា ស្អែកនេះ រហូតដល់ថ្ងៃទី១៧ ខែមករា។
ជាមួយគ្នានេះលោក អេង ជាសាន ក៏បានអញ្ជើញប្រជាពលរដ្ឋរួសរាន់ទៅទិញត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ។ លោកប្រធានរដ្ឋបាលជលផល ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីកុំឲ្យមានការរាំងស្ទះតាមការគួរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បានអះអាងថា ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុក ផ្អកនៅឆ្នាំនេះអាចបានច្រើនជាងបណ្តាឆ្នាំកន្លងទៅ ព្រោះតែឆ្នាំនេះទឹកបានធំតាំងពីដើមឆ្នាំដែលអាចឲ្យត្រីបំលាស់ទីពងកូនបានច្រើន។
សូមបញ្ជាក់ភូមិសាស្ត្រតាមបណ្តោយដងទន្លេសាបក្នុងស្រុកពញាឭខេត្តកណ្តាល និងរាជធានីភ្នំពេញ ជាកន្លែងដាក់ដាយចាប់យកត្រីនោះ គឺជាទីតាំងប្រមូលផ្តុំមួយសម្រាប់ប្រជាពលរដ្ឋនាំគ្នាមកទិញត្រីធ្វើប្រហុក ផ្អក ក្នុងអំឡុងចុងខែធ្នូ និងដើមខែមករា ដែលជាពេលមួយត្រីចាប់ផ្តើមបំលាស់ទីចេញពីបឹងទន្លេសាប៕