(ភ្នំពេញ)៖ ប្រកាសថ្លែងទាំងក្ដីឈឺចាប់ និងអាណិតអាសូរចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់រងគ្រោះដោយសារកំហុសរបស់ពួកមហាអំណាច កាលពីអតីតកាលដ៏ជូរចត់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរយៈពេល៣៤ឆ្នាំរបស់កម្ពុជា បានផ្ដាំទៅកាន់សហភាពអឺរ៉ុបជាថ្មីម្ដងទៀតថា សូមមកុំបង្កើតកំហុសទី៣មកលើកម្ពុជា ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើទុក្ខបុកម្នេញផ្សេងៗ។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញបើកការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ នាថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា គ.ស ២០១៩។
មេដឹកនាំកម្ពុជារូបនេះ បានប្រកាសចំៗទៅលើសហភាពអឺរ៉ុបថា កាលពីអតីតកាល សហភាពអឺរ៉ុបបានសាងនូវកំហុសមកលើកម្ពុជាចំនួន ២ដង មកហើយ ដែលនាំឱ្យប្រជាជនកម្ពុជាមានការ ឈឺចាប់យ៉ាងខ្លាំង ដូច្នេះក្នុងសម័យសុខសន្តិភាពបច្ចុប្បន្ននេះ សហភាពអឺរ៉ុបមិនត្រូវសាងនូវកំហុសជាលើកទី៣ឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានរំឭកថា កំហុសទីមួយ សហភាពអឺរ៉ុបជាប្រទេសប្រជាធិបតេយ្យ បែរជាគាំទ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ។ គួរណាស់ប្រទេសប្រជាធិបតេយ្យទាំងឡាយ នាំគ្នាថ្កោលទោសពួកធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ តែមិននឹកស្មានថាពួកគេគាំទ្រ លន់ ណល់ ប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋស្របច្បាប់។
កំហុសទីពីរ សហភាពអឺរ៉ុបបានគាំទ្ររបប ប៉ុល ពត ដែលជារបបប្រល័យពូជសាសន៍យង់ឃ្នង ឱ្យអង្គុយលើអាសនៈនៅអង្គការសហប្រជាជាតិ ១២ឆ្នាំ បន្ទាប់ពីពួកនេះបានសម្លាប់មនុស្សជាង ៣លាននាក់ រួចហើយនោះ។
សម្ដេចតេជោបានបន្តថា ថ្ងៃមុនសម្ដេចបានជួបជាមួយតំណាងរាស្ត្រនៃសាធារណរដ្ឋអៀកឡង់ តំណាងរាស្ត្រនោះជាអតីតនាយករដ្ឋមន្ត្រីអៀកឡង់ផង ហើយក៏ធ្លាប់ជាប្រធានសហភាពអឺរ៉ុបផងដែរ។ តំណាងរាស្ត្រអៀកឡង់នោះ បានសម្ដែងនូវការសោកស្ដាយ និងនិយាយនៅចំពោះមុខសម្ដេចថា កំហុសដែលសហភាពអឺរ៉ុបធ្លាប់ធ្វើមកលើកម្ពុជា កាលពីអតីតកាលនោះ ជារឿងអយុត្តិធម៌ណាស់សម្រាប់កម្ពុជា។
បច្ចុប្បន្ន កម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន និងកសាងប្រទេសមួយដែលកំពុងវិវត្តទៅមុខ។ ការរីកចម្រើនទាំងនេះ ក៏មានការចូលរួមចំណែករបស់សហភាពអឺរ៉ុបផងដែរ ប៉ុន្តែសហភាពអឺរ៉ុបខ្លួនឯងក៏ត្រូវគិតថា តើគួររក្សាសមិទ្ធផលដែលខ្លួនបានជួយកសាង ហើយបន្តជំរុញដំណើរការកែលម្អសភាពការណ៍ ដើម្បីឱ្យសេដ្ឋកិច្ចកាន់តែល្អ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែល្អប្រសើរ ឬក៏ត្រូវតែបង្អាក់ត្រឹមនេះ?
ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា សម្ដេចមិនសំដៅទៅលើការផ្ញើសារឱ្យអ្នកណាទេ តែសម្ដេចចង់ពន្យល់ឱ្យប្រជាជនកម្ពុជាបានយល់ថាយើង មិនត្រូវស្លាប់ទេ ព្រោះយើងធ្វើតាំងពីពេលវេលាដែលយើងអត់មានអ្វីទាំងអស់។ យើងត្រូវបន្តការខិតខំ មិនត្រូវទុកឱ្យមានសភាពការណ៍អាក្រក់ណាមួយ ដោយសារការផ្ដាច់ជំនួយពីអ្នកដទៃនោះទេ៕