(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាបោះឆ្នោត Online ជូនវីរិកាឡាការិនីប៉េតង់ កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» របស់សមាគមកីឡាអន្តរជាតិ។

សមាគម​កីឡា​អន្តរជាតិ (IWGA) ដែលមាន​ទីស្នាក់ការ​នៅប្រទេស​ស្វី​ស នៅពេលថ្មីៗនេះ បានរៀបចំ​ការបោះឆ្នោត​តាម​ Online សម្រាប់​ពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨»។ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។

កម្មវិធីបាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​ តាមរយៈការចុច​ Vote លើ​ឈ្មោះ​អត្ត​ព​លិ​ក ហើយ​បំពេញ​ឈ្មោះ និង E-mail ផងដែរ​ទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យអ្នកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាង់សង់ផ្លូវក្រវាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជិត៣០០លានដុល្លារអាមេរិក, សម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍បញ្ជាក់ យ៉ាងដូច្នេះថា «ជួយបោះឆ្នោតឲ្យកីឡាការិនី កែ ឡេង ដើម្បីក្លាយទៅជាកីឡាឆ្នើមរបស់ពិភពលោក ព្រោះគេរើសប្រមាណប្រទេសទៅប្រកួត តាមរយៈការបោះឆ្នោត។ កែ ឡេង គាត់ទទួលបាន១លេខខាងប៊ូល... ឥឡូវដើម្បីឆ្លងវគ្គបន្ត គេដាក់ឲ្យបោះឆ្នោតតាម Online»

ទន្ទឹមនឹងការអំពាវនាវឲ្យបោះឆ្នោតគាំទ្រវីរកីឡារការិនី កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» ហើយនោះ, សម្តេចនាយករដ្ឋមន្ត្រី ក៏បានរិះគន់យ៉ាងខ្លាំងៗ ដល់ក្រុមអតីតបក្សប្រឆាំង ដែលមិនដែលគាំទ្រសូម្បីវិស័យកីឡា ពោលមានតែព្យាយាមនិយាយជាន់ពន្លិច និងបន្តុះបង្អាប់។ សម្តេចគូសបញ្ជាក់ដែរថា បើក្រុមអតីតបក្សប្រឆាំង មានចិត្តចង្អៀតចង្អល់បែបនេះ គឺពួកគេគ្មានសមត្ថភាព ធ្វើជាអ្នកដឹកនាំគេបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សូម្បីតែកីឡា ដែលប្រកួតឈ្នះក៏អាពួកប្រឆាំង វាមិនដែលអបអរសាទរទេ ព្រោះអបអរសាទរទៅ វាដូចជាឲ្យគុណសម្បត្តិ មកគណបក្សប្រជាជន ឬឲ្យគុណសម្បត្តិមករដ្ឋាភិបាល។ ប៉ុន្តែសួរថាបើគំនិត ចង្អៀតចង្អល់បែបនេះ វាដឹកនាំជាតិបានឬអត់? វាទៅមិនរួចទេ»

សូមជំរាបថា យោងតាមសមាគមកីឡាអន្តរជាតិ ដើម្បី​គាំទ្រ​បេក្ខភាព​អ្នកស្រី កែ ឡេង ឲ្យឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ក្នុងការប្រកួត​ដណ្ដើម​ពានរង្វាន់​ «អត្តពលិកឆ្នើមពិភពលោក​ឆ្នាំ​២០១៨» សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១៖ ចូល​ទៅ​កាន់៖ http://www.theworldgames.org , ទី២៖ ចុចលើពាក្យ picture «Athelete of the year 2018» និងទី៣៖ ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ Register ជាការ​ស្រេច។

ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំទី១ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំបញ្ចប់​។

អ្នកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជា តែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ដើមឆ្នាំ២០១៩នេះ អ្នកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ៕