(ហុងកុង)៖ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council-HKTDC លោករដ្ឋមន្ត្រី ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ រួមជាមួយក្រុមហ៊ុនឯកជនមួយចំនួន ចូលរួមក្នុង វេទិកាហិរញ្ញវត្ថុអាស៊ី ASIAN Financial Forum -AFF ក្រោមប្រធានបទ «បង្កើតអនាគតប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាប័ន្ន (Creating sustainable and inclusive future)» ដែលរៀបចំឡើងដោយតំបន់រដ្ឋបាលពិសេស ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន Hong Kong SAR of the People’s Republic of China​ និងក្រុមប្រឹក្សាអភិវឌ្ឍ ពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណ៣,០០០នាក់ មកពីជាង៤០ប្រទេស។

អង្គវេទិកាបានពិភាក្សានេះ​ផ្តោតសំខាន់លើការរក្សាតុល្យភាពសេដ្ឋកិច្ចសកលលោក ក្នុងកាលៈទេសៈដែលមានភាពតានតឹង នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បញ្ហាការចាកចេញពីតំបន់អឺរ៉ុប របស់ចក្រភពអង់គ្លេស (Brexit) និងស្ថានភាពសេដ្ឋកិច្ចនៅអីរ៉ុប។ល។

ដោយឡែកនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី បានចូលរួមជាអធិបតីជាមួយលោក Raymond YIP អនុប្រធាន ប្រត្តិបត្តិ HKTDC និងលោកឧកញ៉ា Yum Sui Sang ប្រធាន HK BAC ក្នុងវេទិកាស្តីពី​ឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការយ៉ាងជិតស្និទ្ធិជាមួយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council) និងសមាគមធុរកិច្ចហុងកុង សម្រាប់កម្ពុជា (Hong Kong Business Association of Cambodia)។

ថ្លែងក្នុងឱកាសបើកវេទិកាលោករដ្ឋមន្ត្រី​ថោង ខុន បានគូសបញ្ជាក់ថា​កម្ពុជាមានផែនការទាក់ទាញទេសចរអន្តរជាតិ ឱ្យបានជាង៧លាននាក់ នៅឆ្នាំ២០២០ (ក្នុងនោះទេសចរចិន ប្រមាណ៣លាននាក់)។ លោករដ្ឋមន្រ្តីបានអំពាវនាវដល់វិនិយោគិនចិន និងហុងកុង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាត បៃតង ការច្នៃប្រឌិត និងនិវានុវត្តន៍ (Creative -innovative ) ក្នុងយុគ្គសម័យឌីជីថលណូបនីយកម្ម។

តាមរយៈវេទិកានេះ ដៃគូវិនិយោគក្នុងក្រុងហុងកុង បានបង្ហាញនូវការគាំទ្រ និងជឿជាក់លើការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយពួកគាត់បានសំដែងនូវឆន្ទៈពិត ចេញពីបេះដូង លើស្ថានភាពរីកចម្រើនរបស់កម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ និងបានសន្យាជួយសិក្សាលទ្ធភាព រៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគំរោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទេសចរណ៍ បៃតង ឆ្លាតវៃ Green & Smart Tourism City)។ល។

គួរកត់សម្គាល់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៦,២ លាននាក់។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិសរុបជាង៧លាននាក់៕