(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ជាថ្មីប្រាប់ លោក Scott Ryan ប្រធានព្រឹទ្ធសភាអូស្រ្តាលី អំពីការមិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួន។
ការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងក្នុងជំនួបជាមួយ លោក Scott Ryan នៅព្រឹកមិញនេះ អំឡុងពេលដែល ប្រធានព្រឹទ្ធសភាអូស្រ្តាលីមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលរៀបចំឡើង នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះថា លោក Scott Ryan បានប្រាប់ដល់ លោកឧបនាយករដ្ឋមន្រ្តីថាលោកបានលឺថា កម្ពុជាអនុញ្ញាតឱ្យមូលដ្ឋានយោធាបរទេស នៅលើទឹកដី។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏បានយកប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះវិញថា៖ «ពាក់ព័ន្ធនឹងព័ត៌មានថា មានមូលដ្ឋានទ័ពយោធា នៅក្នុងប្រទេសកម្ពុជានោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានធ្វើលិខិតឆ្លើយតបទៅនឹង លោកអនុប្រធានាធិបតី ម៉ៃ ផេន ផងដែរ គឺក្នុងនោះបញ្ជាក់ថា កម្ពុជាបានអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេស នៅលើទឹកដីកម្ពុជា ក៏ដូចជាមិនត្រូវការវត្តមាន ឬការចូលរួមរបស់កងទ័ពបរទេស ដើម្បីវាយប្រហារទៅអ្នកណាមួយដែរ»។
សូមបញ្ជាក់ថា ពាក្យចចាមអារ៉ាមថា «មានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា» បានកើតឡើងក្រោយពីសារព័ត៌មាន Asia Times ដែលមានចរិតញុះញង់ និងចេតនាអាក្រក់មកលើកម្ពុជា បានផ្សព្វផ្សាយថា កម្ពុជាអាចនឹងឱ្យចិនតាំងមូលដ្ឋានទ័ពយោធា នៅខេត្តកោះកុង។ ជាមួយគ្នានេះ លោក ម៉ៃ ផេន ក៏បានបង្ហាញអំពីមន្ទិលសង្ស័យជុំវិញករណីនេះផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាខាងក្រសួងការពារជាតិ និងក្រសួងការបរទេស បានច្រានចោលជាការផ្សព្វផ្សាយនេះជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀត នៅកម្ពុជាតាំងពីពេលមុនរហូតមកដល់ពេលនេះ ចាប់តាំងពីឆ្នាំ១៩៨៩ រហូតដល់ពេលនេះ យើងពុំមានកងទ័ពបរទេសនៅកម្ពុជាទេ ពិតហើយកងទ័ពបរទេស ដែលមកចូលក្នុងកម្ពុជានៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ យើងមានតែកងទ័ពរបស់យើងបញ្ជូនចេញទៅក្រៅតែប៉ុណ្ណោះ ឯនៅកម្ពុជាខ្ញុំជឿថា មានកងទ័ពបរទេស ប៉ុន្តែអ្នកទាំងនោះគឺជាអនុព័ន្ធយោធា នៅតាមស្ថានទូតនានាតែប៉ុណ្ណោះ គ្មានកងទ័ពបរទេសសម្រាប់ការប្រយុទ្ធនោះទេ»។
សម្តេចតេជោ បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋាន យោធាបរទេស មិនថាជើងទឹក ជើងគោក ឬជើងអាកាស នោះទេ។ យើងទាត់ចោលនូវព័ត៌មានទាំងឡាយដែលបំភ្លៃការពិត»។ ទន្ទឹមនឹងការបំភ្លឺនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ញើលិខិតទៅកាន់អនុប្រធានាធិបតីអាមេរិក អំពីការមិនអនុញ្ញាតឱ្យទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនផងដែរ៕