(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានចេញមុខវាយប្រហារលើលោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ ដែលកំពុងមានមោទនភាពនឹងនយោបាយដែលលោកជំរុញឱ្យបរទេសដាក់ទណ្ឌកម្ម ដើម្បីសម្លាប់កសិករ កម្មករខ្មែរ។
លោក សួន សេរីរដ្ឋា បានលើកឡើងថា លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំប្រឆាំងភូមា, លោក ថាក់ស៊ីន និង លោកស្រី យីងឡាក់ ដែលជាមេដឹកនាំនយោបាយថៃ មិនដែលអំពាវនាវឱ្យអន្តរជាតិផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មប្រទេសពួកគេ ដូចលោក សម រង្ស៉ី នោះទេ តែពួកគេមានតែខិតខំយិតយោងសេដ្ឋកិច្ចប្រទេសគេ ឱ្យរីកទៅមុខ ហើយនិងអំពាវនាវរកជំនួយឲ្យជួយពលរដ្ឋរបស់គេថែមទៀត។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា៖ «តែសំផឹងនយោបាយ សម រង្ស៉ី ក្រៅពីយកដៃគូសហការីរបស់ខ្លួន ដែលជាប់គុកមកធ្វើល្បែងភ្នាល់លេងបញ្ឆេះកំហឹងពួកអ្នកកាន់អំណាច នៅធ្វើនយោបាយលេលាបល់បាយមួយទៀត គឺអំពាវនាវឱ្យអន្តរជាតិផ្តាច់ជំនួយខ្មែរ ឈប់ទិញផលិតផលខ្មែរ និងដាក់ទណ្ឌកម្មយកពន្ធលើមុខទំនិញខ្មែរ ដែលនេះជានយោបាយសម្លាប់ពលរដ្ឋខ្មែរ សម្លាប់កម្មករខ្មែរ និងសម្លាប់ខ្មែរដោយប្រយោល...រួចនៅមានមោទនភាពឡើងមកអួតថែមទៀត ថាមានតែខ្លួន»។
បើតាមការសន្និដ្ឋានរបស់ អតីតប្រធានគណបក្សនយោបាយរូបនេះ ទណ្ឌកម្មរបស់អឺរ៉ុប នឹងមិនអាចប៉ះពាល់ដល់ មន្រ្តីគណបក្សកាន់អំណាចឡើង ប៉ុន្តែអ្នករងគ្រោះពិតប្រាកដ នោះគឺប្រជាពលរដ្ឋខ្មែរ កម្មករខ្មែរ និងកសិករខ្មែរ ប៉ុណ្ណោះ។ លោកទទូចឱ្យទណ្ឌិត សម រង្ស៉ី ឈប់មានអំនួតនឹងនយោបាយបំផ្លាញជាតិសាសន៍ឯងបែបនេះតទៅទៀត។
សូមបញ្ជាក់ថា ប្រតិកម្មពីសំណាក់ លោក សួន សេរីរដ្ឋា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ប្រកាសថា លោកគឺជាមនុស្សតែម្នាក់គត់ ដែលបានជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសកម្ពុជា គ្រាដែលសហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា។
ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕