(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងមានជំនួបជាមួយលោកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មអឺរ៉ុប ក្នុងឱកាសទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅអំឡុងសប្តាហ៍ក្រោយនេះ ស្របពេលដែលអឺរ៉ុប កំពុងកំណត់ការយកពន្ធលើការនាំចេញអង្ករពីកម្ពុជា។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះថា អំឡុងជំនួបនោះ ប្រមុខការទូតកម្ពុជា នឹងពន្យល់ដល់ ស្នងការពាណិជ្ជកម្មអឺរ៉ុប អំពីផែនការនិងវិធានការរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងលំហរនយោបាយ និងសេរីភាពសារព័ត៌មាន រួមទាំងកិច្ចការមួយចំនួនទៀតដែលពាក់ព័ន្ធនឹងសហជីពជាដើម។
លោក កេត សោផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី (ប្រាក់ សុខុន) នឹងត្រូវធ្វើដំណើរទៅប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អឺរ៉ុប ហើយលោកនឹងមានជំនួបជាមួយស្នងការ ពាណិជ្ជកម្មអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងជម្រាបជូនលោកស្រី អំពីវិធានការអ្វីខ្លះដែលរដ្ឋាភិបាលបានធ្វើ និងផែនការអ្វីខ្លះ ដែលកម្ពុជានឹងធ្វើពាក់ព័ន្ធនឹង លំហរនយោបាយ និងសេរីភាពសារព័ត៌មាន ព្រមទាំងកិច្ចការផ្សេងៗ ដូចជាផ្នែកការងារ សហជីពជាដើម»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រៅពីជួបពន្យល់ស្នងការពាណិជ្ជកម្មអឺរ៉ុប, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏គ្រោងនឹងជួបទ្វេភាគីជាមួយ លោក ឌីឌ៉្យេរ រ៉េនឌ័រ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចការអឺរ៉ុបរបស់បែលហ្ស៊ិក រួមទាំងជួបជាមួយ ប្រធានគណៈប្រតិភូផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូងតម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។ ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុប។ ការសម្រេចយកពន្ធនេះអាចធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ៥០លានដុល្លារអាមេរិក ក្នុងរយៈពេល១ឆ្នាំ។
ទោះជាយ៉ាងនេះក្តី នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជានៅតែមានក្ដីសង្ឃឹម ក្នុងការតវ៉ាជាមួយ សហភាពអឺរ៉ុប (EU) ពាក់ព័ន្ធនឹងការយកពន្ធនាំចេញអង្កររបស់កម្ពុជាពីអឺរ៉ុប រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១ នាពេលនេះ។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ទល់ និងដោះស្រាយចំពោះការយកពន្ធអង្ករដែលនាំចេញពីប្រទេសកម្ពុជា ទៅកាន់អឺរ៉ុបផងដែរ៕