(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អ្នកបើកបររថយន្ដដឹកទំនិញធុនធំទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងគោរពតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ រាល់ម៉ោងដែលអនុញ្ញាតឲ្យបើកចូលក្នុងរាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់អំពីចំណាត់ការជាបន្ដបន្ទាប់ ដោយបញ្ជាឲ្យការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលតាមបណ្ដាខណ្ឌ បន្ដប្រតិបត្តិការចុះចាប់រថយន្ដដឹកទំនិញធុនធំ ដែលបើកបរចូលរាជធានី ដោយខុសច្បាប់ និងខុសពេលវេលាកំណត់។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មកកាន់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានបញ្ជាពីលោកស្នងការ កម្លាំងនគរបាលចរាចរណ៍ និងសហការជាមួយ នគរបាលតាមបណ្ដាខណ្ឌ នឹងបើកយុទ្ធនាការជាបន្ដបន្ទាប់ដើម្បីទប់ស្កាត់លើបញ្ហានេះ។
នាយការិយាល័យចរាចរណ៍រូបនេះ បានបន្ថែមទៀតថា សម្រាប់ទីតាំងដែលទុករថយន្ដដឹកទំនិញធុនធំ ដឹកដី ដឹកថ្ម និងដឹកខ្សាច់មានចំនួន២ទីតាំង ដោយទី១៖ នៅតាមបណ្ដោយផ្លូវហានណូយ ជិតសាលាអេស៊ីលីដា និងទីតាំងទី២៖ នៅតាមបណ្ដាយផ្លូវ៦០ម៉ែត្រ ដែលមានទំហំដីយ៉ាងធុន ដោយអនុញ្ញាតឲ្យទុករថយន្ដធុនធំទាំងអស់នោះបានជាច្រើនគ្រឿង។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុនេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុសច្បាប់ជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញធុនធំទាំងអស់ មិនត្រូវអនុញ្ញាតឲឲ្យចូល ក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌរួមមាន៖ ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក និងខណ្ឌចំការមន។ ដោយឡែក រថយន្តដឹកទំនិញធុនធំ ដែលអនុញ្ញាតឲ្យចេញចូលបាននៅតំបន់ជាយក្រុងរួមមាន៖ ផ្លូវទំនប់កប់ស្រូវ, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤, ផ្លូវវេងស្រេង និងផ្លូវ២៧១។
លោក សែម គន្ធា បានសំណូមពរដល់ម្ចាស់អាជីវករទាំងអស់ សូមមេត្តាគោរពនៅច្បាប់ចរាចរណ៍ ដែលសាលារាជធានីភ្នំពេញ នឹងក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្តីណែនាំទាំងអស់ តាមការកំណត់នេះផងដែរ៕