(ភ្នំពេញ)៖ គេនៅចាំបានថា នៅពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ សម រង្ស៉ី បានដាក់ចេញនូវផែនការដើម្បីបំផ្លាញការបោះឆ្នោតនេះ តាមរយៈយុទ្ធសាស្រ្ត «ដេកផ្ទះ ឈ្នះឯង»។ ខ្ញុំនៅចាំបានសម្តីអ្នកនយោបាយដ៏ល្បីរបស់កម្ពុជាថា ទី១-ធ្វើនយោបាយ ត្រូវមើលទៅមុខឱ្យបានវែងឆ្ងាយ វាយតម្លៃសភាពការណ៍ឱ្យបានត្រឹមត្រូវ ត្រូវស្គាល់ដៃគូប្រជែង និងស្គាល់ខ្លួនឯងឱ្យបានច្បាស់ មុននឹងដាក់ចេញយុទ្ធសាស្រ្តនយោបាយ និងទី២-ធ្វើនយោបាយត្រូវធ្វើឱ្យចំណេញដល់ជាតិ និងប្រជាជន ដាច់ខាតមិនអាចបម្រើប្រយោជន៍សួនតួ ហើយបំផ្លាញប្រយោជន៍ប្រជាជន ឬបម្រើបរទេស បំផ្លាញជាតិនោះទេ ពោលគឺធ្វើនយោបាយ ត្រូវមានគោលដៅបម្រើដល់សេចក្តីសុខរបស់ប្រជាជន និងកិត្យានុភាពជាតិ!
ចុះតើ សម រង្ស៉ី ដែលជាមេដឹកនាំប្រឆាំងម្នាក់ បានកសាងកំហុសផ្នែកយុទ្ធសាស្រ្តនយោបាយអ្វីខ្លះ បានជាធ្វើឱ្យមេដឹកនាំរូបនេះ រត់ភៀសខ្លួនចោលស្រុក និងធ្វើឱ្យគណបក្សដែលខ្លួនដឹកនាំរលំរលាយចេញពីឆាកនយោបាយខ្មែរ?
សម្រាប់លោក គង់ គាំ ដែលជាឥស្សរជននយោបាយគណបក្សប្រឆាំង និងបានតស៊ូប្រកៀកស្មាជាងពីរទសវត្សរ៍ជាមួយនឹង សម រង្ស៉ី បានពិពណ៌នាមេដឹកនាំប្រឆាំងរូបនេះដោយចំហរ តាមសំណេរក្នុងហ្វេសប៊ុករបស់គាត់កាលពីថ្ងៃ ២៤ វិច្ឆិកា ២០១៨ ថា «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត ស្រម៉ៃផ្តេសផ្តាស គ្មានខ្លួនជាម្ចាស់ គេរស់មិនបាន»។ កំហុសដ៏ធំទីមួយខាងយុទ្ធសាស្រ្តរបស់សម រង្ស៉ី គឺ «ការជួយបំបែកសំណាញ់មេឃ» តាមរយៈការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយដូរប្រព័ន្ធពី ២/៣ ទៅ ៥០% បូក១ ក្នុងការបង្កើតរដ្ឋាភិបាល ដែលនៅពេលនោះសម្តេច ហ៊ុន សែន បានពិពណ៌នារឿងនេះថា ជា «យកអំណាចដាក់លើជើងពាន ប្រគល់ឱ្យគណបក្សប្រជាជនកម្ពុជាដោយដៃទាំងពីរ»។
ចាប់ពីពេលនោះមក គណបក្សប្រជាជនកម្ពុជាអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯង ដោយលែងជាប់ក្នុងចំណាប់ថ្នូរនៃគណបក្សសំឡេងភាគតិចនៅក្នុងរដ្ឋសភា ដែលតែងទាញប្រយោជន៍ពីភាពទ័លច្រកក្នុងការបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោតដូចលើកមុនៗទៀតហើយ។
នៅឆ្នាំ២០១៣ បន្ទាប់ពីបានដឹកនាំធ្វើមហាបាតុកម្មអស់រយៈពេលប្រមាណ១ឆ្នាំ ដើម្បីផ្តួលរំលំបក្សកាន់អំណាចដោយមិនជោគជ័យ សម រង្ស៉ី បានបញ្ចប់សកម្មភាពនៃចលនារបស់ខ្លួន ហើយដើរចូលសភា ដើម្បីចែកអំណាច និងបំពេញ «ទឹកឱ្យគ្រប់» ឱ្យរដ្ឋសភាដែលគាត់ហៅថា «រដ្ឋសភាមិនគ្រប់ទឹក» ក្រោមយុទ្ធសាស្រ្ត ដំណើរឆ្ពោះទៅកាន់ការផ្លាស់ប្តូរឆ្នាំ ២០១៨។ កំហុសជាយុទ្ធសាស្រ្តនៅឆ្នាំ២០១៣ គឺដឹកនាំធ្វើមហាបាតុកម្ម ប៉ុនប៉ងទាមទារដណ្តើមអំណាចក្រៅច្បាប់ ដែលកំហុសនេះ បានក្លាយជាគ្រោះនាំឱ្យគណបក្សសង្រ្គោះជាតិរលាយនៅឆ្នាំ២០១៧។ សំណួរសួរថា បើគង់ចូលសភាដដែល ម៉េចចាំបាច់លិបល បញ្ចេញគូថប្រឡាក់លាមកកណ្តាលវាលធ្វើអី?
នៅឆ្នាំ២០១៨ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយនៅឆ្នាំ ២០១៧ ដោយតុលាការកំពូល ដោយសារជាប់ជំពាក់នឹង រឿងរ៉ាវធ្វើ « បដិវត្តន៍ពណ៌ » សម រង្ស៉ី បានដាក់ចេញយុទ្ធសាស្រ្តថ្មី គឺ «ដេកផ្ទះ ឈ្នះឯង»។ ក្រោយការបោះឆ្នោត ដែលមានគណបក្សចំនួន ២០ ចូលរួម និងប្រជាជនចំនួន ៨៣,០២% ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត ចូលរួមក្នុង ដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈទាំងអស់នៅរដ្ឋសភាចំនួន ១២៥ សម រង្ស៉ី ដែលបរាជ័យលើសមរភូមិជាក់ស្តែងពីយុទ្ធសាស្រ្តដ៏អស្ចារ្យ ដែលគាត់បានអួតក្អេងក្អាង និងបានដឹកនាំអនុវត្តដោយផ្ទាល់ នៅតែបន្តអួតអំពី «ជ័យជម្នះខ្យល់» នៃយុទ្ធសាស្រ្តរបស់ខ្លួន ប៉ុន្តែបានបង្វែងដានដោយលាបពណ៌ថា «ការបោះឆ្នោតឆ្នាំ ២០១៨» ជា « ការបោះឆ្នោតក្លែងក្លាយ» ទៅវិញ។
អ្វីៗដែលបានកើតឡើងនៅឆ្នាំ ២០១៨ គឺត្រូវទៅនឹងអ្វីដែលលោក គង់ គាំ បានហៅលោក សម រង្ស៉ី ថា « គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត ស្រម៉ៃផ្តេសផ្តាស » ហើយបង្កើតស្ថានភាព « លើកអំណាចដាក់លើជើងពាន ប្រគល់ឱ្យគណបក្សប្រជាជនកម្ពុជា ដោយដៃទាំងពីរ ហើយថែមទាំងលត់ជង្គង់ផង» ជាលើកទីពីរ។
ផ្ទុយទៅវិញ នៅឆ្នាំ២០១៨ ប្រសិនបើ សម រង្ស៉ី ប្រើបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតវិញ សេណារីយ៉ូប្រហែលជាអាចផ្លាស់ប្តូរខុសពីស្ថានភាពបច្ចុប្បន្ន ព្រោះ (ទី១)- សម រង្ស៉ី អាចយក «ការរំលាយបក្សប្រឆាំង និងការចាប់ខ្លួន កឹម សុខា» ធ្វើជាប្រធានបទឃោសនាបោះឆ្នោតឆ្នាំ ២០១៨ ហើយយកការបោះឆ្នោតនេះ ធ្វើជាវេទិកាប្រជាមតិ ដើម្បីស្ទាប់ស្ទង់ទឹកចិត្តប្រជាជន និងទី២)-បើចូលរួមក្នុងការបោះឆ្នោត គឺបើមិនបានឈ្នះឆ្នោតលើគណបក្សប្រជាជនកម្ពុជា ក៏អាចទទួលបានអាសនៈមួយចំនួនធំនៅរដ្ឋសភា ហើយប្រើវេទិកាសភា ម្យ៉ាងដើម្បីកុំឱ្យគណបក្សប្រជាជនកម្ពុជាជិះសេះលែងដៃផង និងម្យ៉ាងទៀត ដើម្បីចរចារកដំណោះស្រាយនយោបាយរួម សម្រាប់បក្សប្រឆាំងនៅកម្ពុជាផងដែរ។
ប៉ុន្តែនៅមិនសុខ ក៏ទៅបបួល សម្តេច ហ៊ុន សែន លេងល្បែងភ្នាល់ដោយយក កឹម សុខា ធ្វើជារបស់ភ្នាល់។ តើនេះជាយុទ្ធសាស្រ្តអ្វី ក្រៅពីដំណើរឆ្ពោះទៅកាន់ការដណ្តើម អំណាចក្នុងបក្ស ដោយមិនចង់ឱ្យ កឹម សុខា បានរួចខ្លួន ហើយប្រើ កឹម សុខា ជាទំនិញនយោបាយ សម្រាប់លក់នៅក្រៅប្រទេស។ ក្រោយការលេងល្បែងភ្នាល់នេះ សម រង្ស៉ី ត្រូវបានលើកបន្តុបឱ្យធ្វើជាមេដឹកនាំ នៃខ្មោចគណបក្សសង្រ្គោះជាតិវិញ ដោយសន្និសីទពិភពលោក ដែលរៀបចំដោយក្រុម «ភ្លើងទៀន» ហើយត្រូវក្រុម «សិទ្ធិមនុស្ស» បរិហារថា ជាការការដណ្តើមអំណាចដឹកនាំបក្សដោយខុសលក្ខន្តិកៈ និងជាបក្សប្រហារ ដែលនាំទៅឱ្យផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ កាន់តែបែកបាក់ជ្រៅទៅៗ។
តើនេះ ជាយុទ្ធសាស្រ្តបម្រើឱ្យខ្មោចគណបក្សសង្រ្គោះជាតិអ្វីទៅ ក្រៅពីដើម្បីអំណាចដឹកនាំបក្សរបស់សម រង្ស៉ី ខ្លួនឯង។ យើងបានដឹងគ្រប់គ្នាហើយថា សម រង្ស៉ី ដែលមានខ្លួនជាទណ្ឌិត បានលាលែងចេញគណបក្សសង្រ្គោះជាតិតាំងពីខែកុម្ភៈ ឆ្នាំ ២០១៧ និងបានបង្កើតនិងដឹកនាំចលនាសង្រ្គោះជាតិទៀត។ ជាទិដ្ឋភាពផ្នែកយុទ្ធសាស្រ្តនយោបាយដាច់ខាតមិនត្រូវវិលត្រឡប់ មកដណ្តើមដឹកនាំគណបក្សសង្រ្គោះជាតិវិញនោះទេ! ការដណ្តើមអំណាចដឹកនាំបក្សដោយលបចូលតាមផ្លូវក្រោយបែបនេះ ធ្វើឱ្យមានការពេបជ្រាយពីអ្នកគាំទ្របក្សប្រឆាំងមួយនេះ និងបានធ្វើឱ្យ សម រង្ស៉ី បាត់បង់នូវតម្លៃជាមេដឹកនាំបក្សប្រឆាំង ដែលជាការរួបរួមគ្នារវាងកម្លាំងនៃគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស។
ចុងក្រោយនេះ សម រង្ស៉ី កំពុងអនុវត្តយុទ្ធសាស្រ្តថ្មីមួយទៀត គឺខ្ទប់អ្នកជាប់បម្រាមនយោបាយ មិនឱ្យស្នើសុំនីតិសម្បទាដើម្បីអាចមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ។ ប្រសិនបើសម រង្ស៊ី គិតថាច្រកទ្វារនេះ ត្រូវបានបក្សកាន់អំណាចបង្កើតឡើងដោយសារទទួលរងសំពាធពីអន្តរជាតិនោះ តើអ្វីជាយុទ្ធសាស្រ្តរបស់ សម រង្ស៉ី ក្នុងដំណើរឆ្ពោះទៅមុខរបស់គណបក្សប្រឆាំង និងរបស់ប្រទេសជាតិ? ដើម្បីមើលឱ្យច្បាស់លើជំហានដើររបស់ សម រង្ស៉ី យើងត្រូវច្បាស់លាស់រឿងមួយសិន ជាពិសេស សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា គឺ ការទាមទាររបស់ សម រង្ស៉ី ទាំង ៥ ចំណុច ដូចជាការទាមទារឱ្យខ្មោចគណបក្សសង្រ្គោះជាតិរស់ឡើងវិញ និងការទាមទារតំណែងត្រឡប់មកវិញ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជារឿងយល់សប្តិ ហើយគ្រប់គ្នាមើលច្បាស់ណាស់ថា ជារឿងដែលមិនអាចកើតមាន ឡើងជាដាច់ខាត ព្រោះការបោះឆ្នោតឆ្នាំ ២០១៨ បានប្រព្រឹត្តទៅចប់សព្វគ្រប់ ស្តេចផែនដីបានទទួលស្គាល់ ហើយបណ្តាប្រទេសជាមិត្តបានផ្ញើសារអបអរសាទរព្រោងព្រាត។ សម រង្ស៉ី មិនអាចធ្វើមិនដឹង និងធ្វើជាមើលមិនឃើញរឿងនេះនោះទេ ហើយមិនអាចយកកិច្ចការប្រទេសជាតិទាំងមូល ធ្វើជារឿងបាយឡុកបាយឡបាននោះទេ។ មានសេណារីយ៉ូ ៣ ដែលអាចជាដំណើរឆ្ពោះទៅមុខរបស់ សម រង្ស៉ី គឺ៖
សេណារីយ៉ូទី១៖ បន្តយុទ្ធនាការនៅខាងក្រៅ ដោយដើរអង្វរបរទេសឱ្យដាក់ទណ្ឌកម្មលើកម្ពុជា ហើយប្រើប្រាស់សម្ពាធអន្តរជាតិទាំងនេះ ដើម្បីឱ្យមានការចរចានយោបាយ លើការទាមទារទាំង ៥ ចំណុចរបស់គាត់។ តើទៅរួចទេ? អ្នកតាមដាននយោបាយកម្ពុជា និងអ្នកស្គាល់ច្បាស់ពីគោលជំហរមេដឹកនាំបក្សកាន់អំណាច អាចឆ្លើយបានដោយងាយស្រួលថា ទៅមិនរួចទេ យ៉ាងច្រើនបានត្រឹមបើកច្រកសម្រាប់អ្នកជាប់បម្រាមប៉ុណ្ណោះ ក្រៅពីចំណុចនេះ គឺបន្ទាត់ក្រហម ដែលអន្តរជាតិ មិនអាចលូកដៃបាននោះទេ។ យុទ្ធសាស្រ្ត ដែល សម រង្ស៉ី កំពុងប្រើប្រាស់នេះ មិនខុសអីពីការលក់ក្បាលឱ្យលោកខាងលិច ហើយនៅទីបំផុត គឺនឹងនាំដល់ការបំផ្លាញផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ មានអ្នកនយោបាយតិចណាស់ក្នុងលោកនេះ ដែលស្ទើរតែរកឧទាហរណ៍ពុំមានក្រៅពីអ្នកនយោបាយ សម រង្ស៉ី ដែលមានអំនួត និងមោទនភាពក្នុងការអំពាវនាវ និងបញ្ចុះបញ្ចូលតាមគ្រប់មធ្យោបាយថោកទាប ដើម្បីឱ្យបរទេសដាក់ទណ្ឌកម្មលើប្រទេសជាតិ និងលើក្បាលជាតិសាសន៍ឯង។ នៅថៃ ភូមា វៀតណាម ឡាវ ឬប្រទេសក្នុងអាស៊ាន ប្រហែលពុំមានអ្នកនយោបាយប្រភេទនេះទេ!
សេណារីយ៉ូទី២៖ ញុះញង់ឱ្យមានការបះបោរក្នុងស្រុក ដើម្បីសម្រេចមហិច្ឆិតា ផ្តួលរំលំការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលដៅចុងក្រោយនៃនយោបាយ សម រង្ស៉ី។ យើងបានឃើញហើយ ដើម្បីចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា សម រង្ស៉ី ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ទោះបីសន្តិភាពនៃប្រទេសត្រូវបានបំផ្លាញ ហើយប្រទេសជាតិក្រឡាប់ធ្លាក់ចូលមហន្តរាយសង្រ្គាមម្តងទៀត ក៏ សម រង្ស៉ី មិនឈឺក្បាលវិលមុខដែរ គឺសំខាន់ផ្តួលឱ្យបាន។
រឿងនេះ ធ្លាប់ត្រូវបានបរាជ័យរួចម្តង ដោយសារកម្លាំងសាមគ្គីនៃប្រជាជនស្រឡាញ់សន្តិភាព ហើយចលនាបដិវត្តន៍ដែលបានផ្តើមចេញជារូបរាងនៅឆ្នាំ ២០១៣ ត្រូវបានបំផ្លាញចោលនៅឆ្នាំ២០១៧ ហើយអង្គការចាត់តាំងខាងនយោបាយនៃចលនាត្រូវបានរំសាយដោយការអនុវត្តច្បាប់ និងដោយគ្មានការបង្ហូរឈាម។ ក្រោមនយោបាយឯកភាពជាតិ និងខ្មែរតែមួយ សម រង្ស៉ី គួរបញ្ឈប់តាំងខ្លួនធ្វើជា «ខ្មាំង» នៃគណបក្សប្រជាជនកម្ពុជា ព្រោះក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ខ្មែរទាំងអស់អាចរស់នៅដោយសុខសានក្រោមដំបូលសន្តិភាព និងគួរបញ្ឈប់តាំងខ្លួនជា «សត្រូវប្រជាជន» ព្រោះពលរដ្ឋខ្មែរមិនត្រូវការការញុះញង់បំបែកបំបាក់ជាតិ និងបំផ្លាញជាតិដូច សម រង្ស៊ី។ ដូច្នេះ ការប៉ុនប៉ងជាថ្មីម្តងទៀតរបស់ សម រង្ស៉ី ដើម្បីញុះញង់ និងបញ្ឆេះកំហឹងប្រជាជនធ្វើបដិវត្តន៍ នឹងទទួលបរាជ័យធ្ងន់ជាងមុន ប្រសិនបើ សម រង្ស៉ី ហ៊ានធ្វើមែន ព្រោះកម្ពុជាបានសន្យារួចហើយថា ទោះក្នុង តម្លៃណាក៏ដោយ កម្ពុជាត្រូវថែរក្សានិងការពារសន្តិភាព ស្ដិរភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយ លំបាកនេះ។
សេណារីយ៉ូទី៣៖ អ្នកជាប់បម្រាមដែលមិនស្នើសុំនីតិសម្បទាពីពេលនេះ នឹងទទួលបាននីតិសម្បទាជាថ្មី នៅពេលផុតកំណត់រយៈពេល ៥ មានន័យថា នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយការបោះឆ្នោតឃុំ-សង្កាត់។ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ ប្រសិនបើអ្នកទាំង ១១៥ ចង់បង្កើតបក្សថ្មីចូលរួមការបោះឆ្នោត តាមការណែនាំរបស់ សម រង្ស៉ី ក៏មិនអាចទៅរួចដែរ ព្រោះ សម រង្ស៉ី គឺជាទណ្ឌិត។ ដូចនេះ សម រង្ស៉ី នឹងបន្តប្រើយុទ្ធសាស្រ្តនយោបាយដូចឆ្នាំ ២០១៨ បន្តទៀតគឺ«យុទ្ធសាស្រ្ត ដេកផ្ទះ ឈ្នះឯង »។
ជារួម ការបិទច្រកទ្វារបស់ សម រង្ស៉ី មិនឱ្យអ្នកជាប់បម្រាមស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ គឺមានហេតុផលរបស់គាត់។ សម រង្ស៉ី យល់ថា ច្រកទ្វារដែលបានបើកចំហរដោយ គណបក្សប្រជាជនកម្ពុជានេះ គឺជាយុទ្ធសាស្រ្តអន្ទាក់នយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជាគ្រោះថ្នាក់ដ៏ធំសម្រាប់រូបគាត់ រហូតដល់គាត់ចេញការគំរាមកំហែងនយោបាយថា អ្នកជាប់បម្រាមនយោបាយរូបណានៅក្នុងចំណោម១១៧រូប ដែលស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ តាមច្បាប់ថ្មីនេះគឺជាជនក្បត់បក្ស។ គ្រោះថ្នាក់សម្រាប់គាត់ ព្រោះដោយសារតែ បើគ្រប់គ្នាចេញមកស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ដូចលោក គង់ គាំ និងលោក គង់ បូរ៉ា គឺធ្វើឱ្យ សម រង្ស៉ី ឯកោ ហើយបក្សដែលគាត់ទើបដណ្តើមបានយកមកគ្រប់គ្រង នឹងក្លាយជា «ខ្មោចបក្សខ្យល់»។
ដូចនេះការបិទច្រកទ្វារដែលវានបើកចំហរនេះ គឺស្ថិតក្នុងក្រឡាយុទ្ធសាស្រ្តរបស់ សម រង្ស៉ី ក្នុងដំណើរឆ្ពោះទៅកាន់សេណារីយ៉ូ «ដេកផ្ទះ ឈ្នះឯង» ជាថ្មីសម្រាប់ឆ្នាំ ២០២៣។ ហេតុដូច្នេះហើយបានជា លោក គង់ គាំ និយាយថា ៖ « រវាងពួកក្បាលមិនទើសមេឃ ខ្ញុំឲ្យតម្លៃពួកជើងជាប់ដី » គឺលោក គង់ គាំ ឱ្យតម្លៃលើភាពប្រាកដនិយម ហើយបានសម្រេចដើរចេញពី សម រង្ស៉ី និងកំពុងនាំអ្នកនយោបាយប្រឆាំង កុំឱ្យជ្រុលនិយម ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០២២ និងឆ្នាំ២០២៣ សំដៅចូលរួមប្រជែងកសាងវិបុលភាពសម្រាប់កម្ពុជា៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩