(បេ៉កាំង, ចិន)៖ បន្ទាប់ពីបានធ្វើដំណើរដល់ប្រទេសចិនតែប៉ុណ្ណោះ នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្កាត់ទៅជួបសំណេះសំណាល និងសួរសុខទុក្ខនិស្សិតជិត ៥០០នាក់ ដែលកំពុងសិក្សារៀនសូត្រនៅក្នុងប្រទេសចិន។ ក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួយរបស់ចិន ដើម្បីការធ្វើឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាព ទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ដែលមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់រូបភាពទាំងអស់។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការរិះគន់របស់បរទេសមួយចំនួនដែលចោទកម្ពុជាកាត់ដីឲ្យចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់បរទេសទាំងនោះ ក៏ព្រោះតែឃើញចិនវិនិយោគច្រើននៅកម្ពុជា ខណៈពួកគេមិនបានជួយអ្វីសោះដល់កម្ពុជា។
សម្តេចតេជោ បានបន្ថែមទៀតថា ប្រទេសនៅលើពិភពលោកនេះកំពុងតែធ្វើការទាក់ទាញអ្នកទេសចរចិនខ្លាំងណាស់ រាប់ទាំងប្រទេសជិតខាងកម្ពុជា ក៏កំពុងតែមានការទាក់ទាញ់អ្នកទេសចរ និងអ្នកវិនិយោគទុនចិនផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បង្ហាញពីដំណើរបំពេញទស្សនកិច្ចរបស់សម្តេចនៅក្នុងប្រទេសចិនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសចិន ដើម្បីកៀងគររកកម្ចីឥណទាន ក្នុងការតបណ្តាញចែកចាយអគ្គិសនីឲ្យបានគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា សម្តៅយ៉ាងណាឲ្យតម្លៃអគ្គិសនីកាន់តែចុះថោកនៅបណ្តាឆ្នាំខាងមុខៗ។ សម្តេចតេជោ បានបន្ថែមថា ការធ្វើបែបនេះសំដៅបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងពីបញ្ហាវិវឌ្ឍន៍របស់ពិភពលោកនាពេលបច្ចុប្បន្នពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច។ សម្តេចតេជោ បានគូសបញ្ជាក់ថា បើទោះបីមានប្រទេសមួយចំនួនរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច ឬសង្រ្គាមពាណិជ្ជកម្មក្តី តែកម្ពុជាមិនត្រូវឲ្យកើតមានឡើងនោះឡើយ ពោលគឺត្រូវខិតខំថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍បង្ហាញពីចក្ខុវិស័យនៃការបន្តបញ្ចុះតម្លៃអគ្គិសនីបន្តទៀតនៅឆ្នាំ២០២១ ដើម្បីឲ្យតម្លៃអគ្គិសនីកាន់តែចុះថោកថែមទៀត។ នៅចំពោះមុខនិស្សិតនោះដែរ សម្តេចតេជោលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាកត្តាយុទ្ធសាស្រ្តយូរអង្វែងរបស់កម្ពុជា ហើយសម្តេចនៅតែចាប់ដៃគូជាមួយចិន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយដល់ប្រទេសកម្ពុជា ក្នុងន័យនេះសម្តេចនឹងបន្តចរចាជាមួយភាគីចិន ដើម្បីបន្តជួយបណ្តុះបណ្តាលធនធានមុស្សដល់កម្ពុជា សម្រាប់រយះពេលវែងតទៅមុខទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់និស្សិតកម្ពុជាទាំងអស់សិក្សានៅប្រទេសចិន ត្រូវខិតខំគោរពច្បាប់និងវិន័យរបស់ប្រទេសចិន, ខិតខំជួយយកអាសារគ្នាទៅវិញទៅមក ខិតខំសិក្សា និងក្តោបឱកាសនៃការសិក្សាឲ្យកាន់តែរីកចម្រើនថែមទៀត។
ដោយមើលឃើញអំពីសេចក្តីត្រូវការចាំបាច់របស់និស្សិត សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតផ្ទាល់ និងបានជួយដល់សមាគមនិស្សិតដែលកំពុងសិក្សានៅប្រទេសចិនចំនួន ៣ម៉ឺនដុល្លារថែមទៀត បូកនឹងប្រាក់ឧបត្ថម្ភតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិតម៉េង ជាប្រធានសភាពាណិជ្ជកម្ម ចំនួន៥ម៉ឺនដុល្លារ និងថវិការបស់ថ្នាក់ដឹកនាំមួយចំនួនទៀតចំនួន១ម៉ឺនដុល្លារ ដើម្បីទំនុកបម្រុងសមាគមនិស្សិតនៅប្រទេសចិនឲ្យមានលទ្ឋភាពបន្តកិច្ចការរបស់ខ្លួន៕