(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) ដែលជាបក្ខពួករបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា រាល់ការសម្រេចទាំងឡាយណា ក្រោមការដឹកនាំរបស់ លោក សម រង្ស៉ី នឹងមិនអាចយកជាការណ៍ដែលជាតំណាងរបស់អតីតគណបក្សសង្រ្គោះជាតិបានឡើយ។
ការចេញសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងបក្ខពួកលោក សម រង្ស៉ី មួយចំនួនទៀត បានធ្វើសន្និសីទមួយដោយអះអាងថា ជាការបង្ហាញលទ្ធផលនៃកិច្ចប្រជុំនៃអតីតគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិ ដែលធ្វើឡើងក្រោមការដឹកនាំរបស់ លោក សម រង្ស៉ី នៅទីក្រុងឡូវែល សហរដ្ឋអាមេរក។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក អ៊ូ ច័ន្ទរិទ្ធ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បានអះអាងថា គណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានគាំទ្រចំពោះសន្និសីទអាត្លង់តា កាលពីដើមខែធ្នូ ដែលតែងតាំងលោក សម រង្ស៉ី ជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ ដោយមិនបាច់ឆ្លងកាត់ លោក កឹម សុខា។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាល់ការសម្រេចទាំងឡាយណា ក្រោមការដឹកនាំរបស់ លោក សម រង្ស៉ី ប្រធានស្តីទីក្លែងក្លាយមិនអាចយកជាការណ៍បានឡើយ ព្រោះវាគ្រាន់តែជាការសម្រេចរបស់ក្រុមលោក សម រង្ស៊ី តែប៉ុណ្ណោះមិនឆ្លុះបញ្ចាំង និងមិនមែនជាការសម្រេចរបស់ គណបក្សសង្គ្រោះជាតិឡើយ»។
ក្រុមគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) បានបញ្ជាក់ជាថ្មីថា លោកសម រង្ស៉ី មិនមែនជាប្រធានគណបក្ស ឬជាប្រធានស្តីទី ដែលទទួលបានការផ្ទេរសិទ្ធិពីប្រធានបក្ស លោក កឹម សុខា ឡើយ។ ផ្ទុយទៅវិញប្រធានស្តីទីក្លែងក្លាយ លោក សម រង្ស៊ី គឺកើតចេញពីបក្សប្រហារលើកបន្តុបខ្លួនឯង ដោយផ្ទុយពីស្មារតី និងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ ព្រមទាំងលោក កឹម សុខា ប្រធាន(អតីត) គណបក្សសង្គ្រោះជាតិ មិនបានទទួលស្គាល់ទៀតផង។
បើតាម លោក អេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំនោះ ក្រៅពីគាំទ្រចំពោះការតែងតាំងលោក សម រង្ស៉ី, អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានរៀបចំផែនការនយោបាយមួយចំនួនទៀត និងរៀបចំដំណើរវិលត្រឡប់របស់ លោក សម រង្ស៉ី ផងដែរ។
ក្រុមគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) បានលើកឡើងទៀតថា «ទោះបីក្រុមនេះឆ្លេឆ្លា ដោយម្តងធ្វើនេះម្តងធ្វើនោះ បង្កើតតែព្រឹត្តិការណ៍អត់បានការណ៍ ហើយម្តងប្រើប្រាស់ ម្តងមិនប្រើប្រាស់យន្តការគណបក្ស ដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សជាដើម គឺដើម្បីធ្វើជាឡប់ឡែបោកប្រាស់បំភាន់ភ្នែកសាធារណជនតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ការវាយប្រហារទៅវិញទៅមករវាងក្រុម លោក កឹម សុខា និងក្រុមរបស់ លោក សម រង្ស៉ី បានធ្វើឡើងបន្ទាប់ពីមានការរៀបចំសន្និសីទមួយនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៨ ដោយតែងតាំង លោក សម រង្ស៉ី ជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ដើម្បីដឹកនាំក្រុមនេះ ជំនួសលោក កឹម សុខា។ ក្រុមលោក កឹម សុខា បានចាត់ទុកថា នេះគឺជាបក្សប្រហារដែលធ្វើឡើងដោយក្រុមរបស់ លោក សម រង្ស៉ី៕