(កម្ពុជា-ចិន)៖ កាលពីពេលថ្មីៗនេះ ប៉ូលិសចិន និងប៉ូលិសកម្ពុជា បានបង្ក្រាបក្រុមអ្នកបើកបនល្បែងអនឡាញឆ្លងប្រទេសមួយក្រុម ដោយបានចាប់ខ្លួនជនសង្ស័យសរុបចំនួន១៦០នាក់មកហើយ បើគិតមកដល់បច្ចុប្បន្ន។

ដោយចេញបញ្ជាពីក្រសួងសន្តិសុខសាធារណៈចិន ប៉ូលីសនៅខេត្តគ័ងតុង ភាគខាងត្បូងប្រទេសចិន សហការជាមួយនឹងប៉ូលិសនៅបណ្ដាខេត្តចំនួន៦ផ្សេងទៀត នៅប្រទេសចិន ព្រមទាំងប៉ូលិសកម្ពុជាផងនោះ បានចេញប្រតិបត្តិការបង្ក្រាបក្រុមអ្នកបើកបនល្បែងតាមអនឡាញ កាលពីចុងខែកញ្ញាកន្លងទៅ ដោយបានឃាត់ខ្លួនជនសង្ស័យជាមេក្លោង២នាក់ និងមនុស្សចំនួន១៥៨នាក់ផ្សេងទៀត។

បើគិតមកដល់បច្ចុប្បន្ន មានថវិកាប្រមាណ១.៩លានដុល្លារអាមេរិក ដែលជាថវិកាដែលបានមកពីល្បែង និងថវិកាផ្សេងទៀត ត្រូវបានរឹបអូស និងបង្កកដោយប៉ូលិស ហើយអចលនទ្រព្យចំនួន២២ត្រូវបានរឹបអូស ឯក្រុមហ៊ុនចំនួន៦ផ្សេងទៀត ដែលប្រកបអាជីវកម្មដែលពាក់ព័ន្ធនឹងល្បែងស៊ីសង ត្រូវបានបិទឈប់ឱ្យដំណើរការ។ ជនសង្ស័យសរុបចំនួន៩១នាក់ ដែលត្រូវបានឃុំខ្លួននៅកម្ពុជា ត្រូវបានបញ្ជូនត្រលប់មកប្រទេសចិនវិញ កាលពីថ្ងៃទី១៥ ខែតុលា។

លោក ចាង ជួរលាំង អនុប្រធានរដ្ឋបាលសន្តិសុខ ក្រសួងសន្តិសុខសាធារណៈចិន និយាយថា «ការបង្រ្កាបមួយករណីនេះ គឺជាការផ្ដល់សញ្ញាអំពីការបង្ក្រាបជាទ្រង់ទ្រាយធំមួយចំពោះភាពក្អេងក្អាងរបស់ក្រុមដែលបើកបនល្បែងឆ្លងប្រទេស។ ការបង្ក្រាបនេះ ក៏រួមចំណែកដល់ការការពារស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខសង្គមជារួមរបស់ប្រទេសចិនដែរ»

នាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការបង្ក្រាបយ៉ាងខ្លាំងក្លា ទៅលើបនល្បែងជាប្រព័ន្ធនៅទូទាំងប្រទេសចិន បនល្បែងជាច្រើនបានប្តូរទីតាំងទៅប្រទេសផ្សេងទៀត នៅទ្វីបអាស៊ី ដើម្បីបន្តប្រព្រឹត្តទង្វើខុសច្បាប់របស់ពួកគេ។ ឆ្លើយតបនឹងការប្ដូរទីតាំងនេះ អាជ្ញាធរផ្នែកសន្តិសុខសាធារណៈចិន បានខិតខំបន្ថែមលើការងារបង្ក្រាបឆ្លងប្រទេស ចំពោះសកម្មភាពបនល្បែងទាំងឡាយដែលមានលក្ខណៈអន្តរជាតិ។ ចាប់តាំងពីឆ្នាំ២០១៨មក អាជ្ញាធរចិនបានបង្ក្រាបបទល្មើសលេងល្បែងអនឡាញ បានជាង៨១០០ករណីមកហើយ ដោយបានបង្កកប្រាក់ល្បែងចំនួន៣១៨០លានដុល្លារអាមេរិក៕ (សារព័ត៌មាន CCTV របស់ចិន)