(ចិន)៖ ស្ថាប័នកំពូលៗផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន បានរៀបចំវិធានការថ្មីៗជាច្រើន ដើម្បីកាត់បន្ថយបន្ទុកបង់ពន្ធរបស់ក្រុមហ៊ុន ជាពិសេស គឺក្រុមហ៊ុនខ្នាតតូច និងមធ្យមតែម្ដង។
ចាប់ពីបុគ្គលម្នាក់ៗ រហូតដល់សាជីវកម្មក្រុមហ៊ុន ប្រទេសចិនបានអនុគ្រោះពន្ធសម្រាប់ពួកគេ ដែលគិតជាទឹកប្រាក់ស្មើនឹងប្រមាណ១៩២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលនេះ គឺជាផ្នែកមួយនៃការសម្រេចសំខាន់ៗជាច្រើនទៀត ដែលរដ្ឋាភិបាលចិនបានធ្វើឡើង នាអំឡុងសន្និបាតការងារសេដ្ឋកិច្ចមជ្ឈឹម កាលពីខែធ្នូ២០១៨។ ហើយនៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលចិន នឹងកាត់បន្ថយការយកពន្ធកាន់តែច្រើនជាងមុនទៅទៀត។
ក្រសួងហិរញ្ញវត្ថុចិន បានឱ្យដឹងថា ក្រុមហ៊ុនខ្នាតតូច និងមធ្យម នឹងតម្រូវឱ្យបង់ពន្ធត្រឹមតែពីចន្លោះ៥ទៅ១០ភាគរយប៉ុណ្ណោះ ខណៈដែលអត្រាបង់ពន្ធស្ដង់ដា គឺស្ថិតនៅកម្រិត២៥ភាគរយ។
លោក ស៊ូ ហុងឆាយ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន ថ្លែងថា «សរុបទាំងអស់ គឺមានក្រុមហ៊ុនចំនួន១៧លាន៩សែន៨ម៉ឺនក្រុមហ៊ុន ដែលនឹងត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនខ្នាតតូច និងមធ្យម។ ហើយក្រុមហ៊ុនទាំងនេះ តំណាងឱ្យ៩៥ភាគរយ នៃក្រុមហ៊ុនដែលមានកាតព្វកិច្ចបង់ពន្ធទាំងអស់»។
អ្នកជំនាញខ្លះជឿថា សង្គមចិនបច្ចុប្បន្ន ត្រូវការជាបន្ទាន់ ឱ្យរដ្ឋាភិបាលយកពន្ធតិចជាងមុនពីក្រុមហ៊ុន។
លោក លាវ ជឺឈីន អ្នកស្រាវជ្រាវជាន់ខ្ពស់ វិទ្យាសា្ថនហិរញ្ញវត្ថុចុងយ៉ាង នៃសាកលវិទ្យាល័យរឹនមឹន និយាយថា «សព្វថ្ងៃនេះ ប្រទេសយើងកំពុងប្រឈមនឹងការលំបាកជាច្រើន ដែលកើតចេញពីកត្តាខាងក្រៅ និង ពីការការពារនិយម។ ហើយវិស័យនាំចេញនាំចូលរបស់យើង ក៏រងផលប៉ះពាល់ពីគោលនយោបាយការបរទេសរបស់បរទេសដែរ។ ដូច្នេះ វាជារឿងចាំបាច់ណាស់ដែលរដ្ឋាភិបាលចិន ត្រូវយកពន្ធតិចជាងមុន។ ហើយដូចដែលយើងដឹងហើយថា ចំនូលពន្ធ គឺជាចំនូលដ៏សំខាន់របស់ប្រទេសចិន។ ដូច្នេះបញ្ហានេះ គឺជាបន្ទុកដ៏ធំមួយរបស់ប្រទេសយើង នាអំឡុងពេល២០ឆ្នាំចុងក្រោយនេះ»។
ធនាគារជាតិរបស់ចិន បានសន្យាថានឹងដាក់ចេញគោលនយោបាយ ដែលផ្ដល់អំណោយផលជាច្រើន សម្រាប់ជួយឱ្យក្រុមហ៊ុនឯកជននិងក្រុមហ៊ុនខា្នតតូច អាចមានលទ្ធភាពខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ បានកាន់តែងាយស្រួល។
លោក លាវ វ័យលាំង អនុប្រធាន គណៈកម្មាធិការជាតិរៀបចំការអភិវឌ្ឍនិងកំណែទម្រង់ និយាយថា «អាជ្ញាធរថ្នាក់មជ្ឈឹម បានគូសបញ្ជាក់អំពីបញ្ហា ភាពមានការងារធ្វើដែលឋិតថេរ។ គោលនយោបាយកាត់បន្ថយពន្ធ ដែលឯកឧត្តមរដ្ឋមន្ត្រី ស៊ូ ហុងឆាយ និងឯកឧត្តមប្រធានធនាគារជាតិ ជូ ហ័រស៊ីន បានប្រកាសក្នុងថ្ងៃនេះ សុទ្ធតែមានគោលដៅចង់ជំរុញឱ្យក្រុមហ៊ុនឯកជន ខ្នាតតូចនិងមធ្យម បង្កើតការងារបន្ថែម និង ទប់ទល់នឹងការលំបាកទាំងឡាយដែលកើតចេញពីបញ្ហាកំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសយើង»។
ប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ចនាឆ្នាំ២០១៩នេះ រដ្ឋាភិបាលកណ្ដាលចិន សង្ឃឹមថានឹងអាចពង្រឹងសេដ្ឋកិច្ចក្នុងស្រុកបាន តាមរយៈការលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម និង ការអនុវត្តវិធានការកាត់បន្ថយបំរាមវិនិយោគនៅក្នុងទីផ្សារ ដើម្បីផ្ដល់លទ្ធភាពឱ្យវិស័យឯកជន អាចបោះទុនចូលទៅក្នុងវិស័យកាន់តែច្រើនជាងពេលបច្ចុប្បន្ន៕ (សារព័ត៌មាន CCTV របស់ចិន)