(ចិន)៖ គ្រប់ភូមិទាំងអស់នៅប្រទេសចិន នឹងមានសេវាដឹកជញ្ជូនឆាប់រហ័សដោយផ្ទាល់តែម្ដង នៅត្រឹមចុងឆ្នាំនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ចិន កាលពីសប្តាហ៍មុន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ជីន ជីងហួរ បានថ្លែងថា សេវាប្រៃសណីយ៍ នឹងធានាថា ជាង៥ពាន់ភូមិ នឹងមានលទ្ធភាពប្រើសេវាប្រៃសណីយ៍ដោយផ្ទាល់តែម្ដង នៅចុងឆ្នាំ២០១៩នេះ។ លោកបានបន្ថែមថា ក្រសួងប្រៃសណីយ៍ចិន នឹងលើកទឹកចិត្តឲ្យទីជនបទ បង្កើតបណ្ដាញ ឬកន្លែងទទួលទំនិញជាកេស និងបង្កើតមណ្ឌលសាធារណៈផ្សេងៗ សម្រាប់ផ្ដល់សេវាដឹកជញ្ជូន និងសេវាប្រមូលទំនិញ ព្រមទាំងបង្កើតមណ្ឌល រៀបចំសាររហ័សថ្នាក់តំបន់ផងដែរ។
លោក ជីន ជីងហួរ អ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ចិន បានលើកឡើងថា «យើងនឹងខិតខំពង្រីក ការផ្ដល់សេវាដឹកជញ្ជូនរហ័សនៅតាមទីជនបទ ឲ្យគ្របដណ្ដប់លើផ្ទៃដី៩៥ភាគរយ នៃប្រទេស។ សេវាប្រៃសណីយ៍ នឹងធ្វើឲ្យសេវាដឹកជញ្ជូនរហ័ស អាចមានផ្ដល់ជូនដល់ភូមិស្រុកតូចៗទាំងអស់ ហើយក៏នឹងជួយឲ្យតំបន់ក្រីក្រទាំងឡាយ អាចប្រមូលផលដំណាំដ៏ល្បីឈ្មោះរបស់ពួកគាត់ សម្រាប់ដឹកយកមកលក់នៅទីផ្សារផងដែរ»។
អ្នកនាំពាក្យដដែល បានឲ្យដឹងថា ក្រសួងប្រៃសណីយ៍ចិន នឹងបង្កើតស្ថានីយ៍ផ្ដល់សេវាសាធារណៈដឹកជញ្ជូនរហ័សចំនួន៨ម៉ឺនកន្លែង ព្រមទាំងរៀបចំស្ដង់ដាអំពីវិធីប្រើរឺម៉កកង់បីអគ្គិសនីរហ័សផងដែរ។
លោក ជីន ជីងហួរ បានគូសបញ្ជាក់ថា «យើងនឹងផ្ដល់ការណែនាំ ជូនដល់ទីក្រុងចំនួន១៩៦ អំពីវិធីរៀបចំគោលនយោបាយ ឬ ប្រព័ន្ធគ្រប់គ្រងផ្សេងៗ សម្រាប់ការដំណើរការ នៃយានយន្ដដឹកជញ្ជូនរហ័ស ហើយពួកយើងនឹងខិតខំធ្វើឲ្យ ជាង៨០ភាគរយនៃទីក្រុងទាំងនេះ អាចមានគោលនយោបាយនេះបាន»។
លោក ហួរ បានបន្ថែមថា ដើម្បីការពារសិទ្ធ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ចិន នឹងខិតខំធ្វើយ៉ាងណា ឲ្យអត្រាគោរពតាមគោលការណ៍ ឈានដល់កម្រិតជាង៩៨ភាគរយ៕ (សារព័ត៌មាន CCTV របស់ចិន)