(បន្ទាយមានជ័យ​)៖ លោក​ ផា​ អេងវេន​ អគ្គនាយក​រង​នៃអគ្គនាយក​គយ​ និង​រដ្ឋាករ​កម្ពុជា​ តំណាងលោក​បណ្ឌិត គុណ​ ញឹម​ ប្រតិភូរាជរដ្ឋាបាល​ទទួល​បន្ទុក​ជា អគ្គនាយក​គយ​ និងរដ្ឋាករក​ម្ពុជា នៅរសៀលថ្ងៃទី២១​ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានសាខាគយ និងរដ្ឋាករខេត្ត​បន្ទាយមានជ័យ លោក​ នូ ស៊ីថា ជំនួសលោក​ ឆែ​ សុធា​ ដែលត្រូវចូលនិវត្តន៍​។ ចំណែកប្រធាន​ការិយាល័យ​គយ​ រដ្ឋាករ​ប៉ោយប៉ែត​ លោក​ នួន​ កុសល ជំនួសលោក ហ៊ុយ​ សុជាតិ​ ទៅបំរើការនៅខេត្តមណ្ឌលគិរី​។

ពិធីនេះដែរធ្វើឡើងដោយមានការចូលរួមពី លោក អ៊ុង​ អឿន​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ លោក​ សួន​ បវរ​ អភិបាលខេត្តបន្ទាយមានជ័យ​ និងមន្ត្រី​រាជការជុំវិញខេត្ត​ជាច្រើន​រូបទៀតផងដែរ។

លោក​ ផា​ អេងវេន​ ​បានលើកឡើងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រទេសជិតខាង ពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិឲ្យបាននូវអភិក្រមបួនប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គោរពក្រមសីលធម៌ ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជាចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។ ជាពិសេស គោរពអនុវត្ត នូវភារកិច្ចសំខាន់ៗទាំង៣ របស់គយ រួមមាន៖ ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋឲ្យបានគ្រប់ និងលើសផែនការ បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឲ្យបានលទ្ធផលខ្ពស់ សម្រួលពាណិជ្ជកម្មអន្តរជាតិឲ្បបានសមស្រប៕