(ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍នៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ លោកប្រធានាធិបតី ក៏បានប្រកាសបន្តនាំអង្ករកម្ពុជាទៅកាន់ប្រទេសចិនឲ្យបាន ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៩នេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។

ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនេះក្រៅពីការប្រកាសផ្តល់ជំនួយជិត ៦០០លានដុល្លារ និងទិញអង្ករកម្ពុជា ៤០ម៉ឺនតោនក្នុងមួយឆ្នាំទៅ លោក ស៊ី ជីនពីង ក៏បានប្រកាសខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយនឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។