(ប៉េកាំង, ចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានជំនួបដាច់ដោយឡែកពីគ្នាចំនួនពីរផ្សេងទៀត គឺជំនួបពិភាក្សាការងារជាមួយលោកស្រី Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និង លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។

ក្នុងឱកាសចូលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នោះ លោកស្រី Gu Xiulian មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន-កម្ពុជា បានជួបសំណេះសំណាល នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដ៏មមាញឹកបំផុតនេះ។

លោកស្រីក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន និងកម្ពុជា បានបង្កើតឡើងនូវ សមាគមមិត្តភាពចិន-កម្ពុជា កាលពីពេលកន្លងទៅ។ លោកស្រីក៏បានជំរាបជូនសម្តេចតេជោដែរថា សមាគមមិត្តភាពចិន-កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្ត្រីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជា។

លោកស្រីក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន-កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់បុព្វហេតុមនុស្សធម៌ ក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។ សម្តេចតេជោនាយករដ្ឋ មន្រ្តីក៏បានសំដែងនូវសេចក្តីសប្បាយរីករាយផងដែរ ដោយបានជួបថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន-កម្ពុជា ជាថ្មីម្តងទៀត បន្ទាប់ពីបានជួបក្នុងព្រឹត្តិការណ៍ នៃការប្រារព្វខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនៅរាជធានីភ្នំពេញ។

ដោយឡែកក្នុងជំនួបពិភាក្សាការងារជាមួយលោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនវិញ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះលោក សុង តាវ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកជួបសួរសុខទុក្ខ ដោយផ្ទាល់ចំពោះរូបសម្តេចនៅទីក្រុងប៉េកាំងនាពេលនេះ បន្ទាប់ពីការជួបនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក សុង តាវ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ចិន ទាំងផ្នែករដ្ឋ គណបក្ស និងផ្នែកឯកជន ពិសេសការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

លោក សុង តាវ បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាអ្នកបានយកចិត្តទុកដាក់ពីទំនាក់ទំនងរវាងចិន និងកម្ពុជា តាមរយៈទស្សនកិច្ច និងការងារផ្សេងៗទៀត ពិសេសទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ លោក សុង តាវ បានលើកឡើងថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង ចាត់ទុកសម្តេចតេជោ ជាមិត្តដែកថែម សម្រាប់ប្រទេស និងប្រជាជនចិន។

លោកអះអាងថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ ចិននឹងបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់រយៈពេលវែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់កម្ពុជាក្នុងការការពារអធិបេតយ្យភាព និងឯករាជ្យភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោ មានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពចំពោះទំនាក់ទំនង នៃប្រទេសទាំងពីរ ពិសេសបានថ្លែងអរគុណដល់ប្រទេសចិន ដែលបានជួយគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ។ សម្តេចតេជោ បន្តថា នយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ គឺផ្សារភ្ជាប់ទៅនិងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា ដែលនោះគឺជាវិថីដ៏ល្អក្នុងការជំរុញទាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត៕