(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការតាមច្បាប់ចំពោះវត្តមានរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ នៅក្នុងប្រទេសកម្ពុជា បើសិនជាមានសំណើណាមួយពីតុលាការ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍របស់ សម រង្ស៉ី គឺជាឆន្ទៈបុគ្គលសុទ្ធសាធពីព្រោះការចាកចេញពីមាតុភូមិរបស់ សម រង្សី ក៏ជាជម្រើសផ្ទាល់ខ្លួន និងមានចរិតជាឯកជនរបស់បុគ្គលរូបនេះ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា៖ ការប្រើប្រាស់មាតុភូមិនិវត្តន៍របស់ សម រង្ស៊ី ទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយពាក់ព័ន្ធទៅនឹង សកម្មភាពនៃអតីតគណបក្ស ដែលត្រូវបានរំលាយចោល តាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ ត្រូវបានចាត់ទុកជាអំពើប្រឆាំងនឹងអំណាចតុលាការពិតប្រាកដ ដែលច្បាប់បានកំណត់ និងហាមប្រាម។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល សូមបញ្ជាក់ថា គឺនៅតែរក្សា និងគោរពអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យនៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ។ នៅក្នុងបរិការណ៍នេះ បើមានការស្នើសុំណាមួយពីតុលាការ រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនឹងចាត់វិធានការអនុវត្តតាមអំណាចផ្លូវច្បាប់»។
ការព្រមានរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី និងបក្ខពួក ដែលអះអាងថាជា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំមួយនៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ហើយ លោក អេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសថា លទ្ធផលនៃកិច្ចប្រជុំនេះ គឺសម្រេចរៀបចំដំណើរវិលត្រឡប់របស់ លោក សម រង្ស៉ី មកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។
លោក សម រង្ស៉ី ធ្លាប់បានប្រកាសថា លោកមានបំណងត្រឡប់ចូលប្រទេសកម្ពុជាម្តងហើយម្តងទៀត ចាប់ពីលោកបាននិរទេសខ្លួនឯង ទៅក្រៅប្រទេស កាលពីឆ្នាំ២០១៦មក ប៉ុន្តែជាក់ស្តែង លោកមិនបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលធ្លាប់សន្យានោះឡើយ។
លោក សម រង្ស៉ី កំពុងមានក្តីក្តាំនៅតុលាការជាច្រើនករណី ព្រមទាំងត្រូវបានតុលាការកាត់ទោសជាបន្តបន្ទាប់រួចទៅហើយផងដែរ ក្នុងនោះមានសំណុំរឿងព្រហ្មទណ្ឌដូចជា ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់ចោទប្រកាន់ដោយគ្មានមូលដ្ឋានលើ សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់ លោកបណ្ឌិតកែម ឡី ជាដើម៕