(ប៉េកាំង, ចិន)៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ បានធ្វើពិធីទទួលដំណើរទស្សនកិច្ចជាផ្លូវការលើកទី៦ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនាមជាមិត្តដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ចិន សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់លោកនាយករដ្ឋមន្ត្រីចិន នៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុងប៉េកាំង ប្រទេសចិន។
កម្រាលព្រំពណ៌ក្រហមឆ្អិនឆ្អៅយ៉ាងវែង អមដោយកងកិត្តិយស និងការប្រគំភ្លេងត្រែទ័ពយ៉ាងកងរំពងទទួលស្វាគមន៍ដំណើរសម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញពីការផ្តល់កិត្តិយសយ៉ាងឧត្តុងឧត្តមចំពោះវត្តមាន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅលើទឹកដីចិន។ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង បានបោះជំហានមួយៗ ប្រកបដោយភាពស្វាហាប់ បង្ហាញពីចំណងមិត្តភាពដ៏រឹងមាំមិនអាចបំបែកបាន នៃប្រទេសទាំងពីរ។
បន្ទាប់ពីការស្វាគមន៍យ៉ាងអធឹកអធមនោះទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញបើកកិច្ចពិភាក្សាការងារ ជាមួយគ្នាដោយស្មើភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍គមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ។ លោក លី ខឺឈាង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាដំណើរនាយករដ្ឋមន្ត្រីបរទេសលើកដំបូងហើយ នៅក្នុងប្រទេសចិន ហើយក្នុងកំលុងដែលប្រទេសចិនត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំចិន ជាទម្លាប់មិនមានទទួលមិត្តភក្តិបរទេសនោះទេ។
ដូច្នេះលោកនាយករដ្ឋមន្ត្រី ចាត់ទុកការទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះជាការទទួលដំណើរដ៏ពិសេសមួយ ព្រោះតែសម្តេចតេជោ ហ៊ុន សែន គឺជាមិត្តចាស់ មិត្តដ៏ល្អរបស់ប្រជាជនចិន។
ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រីចិន បានសម្តែងការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៨ ហើយក៏អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការអបអរសាទរចំពោះខួប ៤០ឆ្នាំ នៃការដាក់ចេញនយោបាយកែទម្រង់សេដ្ឋកិច្ ចរបស់ប្រទេសចិន រហូតប្រែក្លាយប្រទេសទៅជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕