(ភ្នំពេញ)៖ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើទឹកដីមហាអំណាចចិន រយៈពេល៣ថ្ងៃ, មហាយក្សចិន បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាកម្លាំងចលករថ្មី ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន។
នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយ ចេញដោយព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជុំវិញដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងយល់ស្របគ្នាថា ដំណើរទស្សនកិច្ចនេះ បានបន្ថែមកម្លាំង ចលករថ្មី ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»។
សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាលក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ក្នុងអំឡុងពេលទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីមហាអំណាចចិន រយៈពេល៣ថ្ងៃនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការលើ វិស័យនានា ស្តីពី ការលើកកម្ពស់ជីវភាពប្រជាជន ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
គូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សារទ្វេភាគី ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន, លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងលោក សុង តាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តចិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ របស់ចិនចំនួន៣ រួមមាន៖ ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន, ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងក្រុមហ៊ុនហួណេងគ្រុប។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យប្រធានធនាគារចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគមួយចំនួនផងដែរ៕