(ភ្នំពេញ)៖ កម្ពុជា-ចិន ឯកភាពគ្នាពន្លឿនការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ និងអនុវត្តឱ្យបានពេញលេញនូវចំណុចគោលនៃផែនការរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីរួមគ្នាជំរុញការកសាងខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ «ភាគីចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាតាមលទ្ធភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពប្រជាជន។ ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្តោតសំខាន់ទៅលើការដឹកជញ្ជូន ការបង្កើនសមត្ថភាពផលិត ថាមពល ពាណិជ្ជកម្ម និងការទ្រទ្រង់ជីវភាពប្រជាជន។ ភាគីទំាងពីរនឹងលើកកម្ពស់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ។ល។ ហើយនិងបង្កើនទំហំ និងកម្រិតពាណិជ្ជកម្មទ្វេភាគី»។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏នឹងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវេទិកានានាដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍អាស៊ាន-ចិន។ល។ ពន្លឿនការចរចាលើពិធីសារស្តីពី ការនាំផ្លែឈើ និងផលិតផលកសិកម្មផ្សេងទៀតចូលទៅប្រទេសចិន និងប្រើប្រាស់ឱ្យបានពេញលេញ នូវពាណិជ្ជកម្មអេឡិចត្រូនិច និងយន្តការកិច្ចសហប្រតិបត្តិការនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ ភាគីទាំងពីរឯកភាពប្រើប្រាស់ឲ្យបានពេញលេញនូវតួនាទីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគី និងមានឆន្ទៈផ្តួចផ្តើមកិច្ចពិភាក្សាអំពីការ សិក្សា សមិទ្ធិលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅពេលសមស្រប។ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
ភាគីកម្ពុជា សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញារបស់ភាគីចិនក្នុងការបន្តគាំទ្រក្រុមហ៊ុន ដែលមានសមត្ថភាព និងទំនុកចិត្តខ្ពស់ មកវិនិយោគនៅកម្ពុជា និងអនុវត្ត កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នានាជាច្រើនទៀត៕