(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ ដាស់តឿនដល់កងកម្លាំង គ្រប់អង្គភាពត្រូវតែថែទាំងឱ្យហ្មត់ចត់, រាល់យុទ្ធោបករណ៍ទាំងអស់ ដើម្បីធានានៅពេលត្រូវការ គឺអាចប្រើបានមិនត្រូវយកទៅទុកចោលនោះឡើយ។
ការមានប្រសាសន៍លើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលធ្វើឡើងយ៉ាងមហោឡារឹកនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសជាតិពីបាតដៃទទេរឱ្យមានការរីកចម្រើនលើគ្រប់វិស័យរូបនេះ ក៏បានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវខិតខំបង្កើនវិន័យកងទ័ពឱ្យបានខ្ជាប់ខ្ជួន ជាពិសេសពេលដែលយើងមានឧបករណ៍សម្ភារគ្រប់គ្រាន់ហើយ តែបែរជាយើងមិនចេះប្រើប្រាស់ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណ ដើម្បីរក្សាសុខភាព។ ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈដែលយើងមាន ដើម្បីធានាថាអាវុធរបស់យើង នៅតែអាចប្រើប្រាស់បាននៅពេល ដែលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារយុទ្ធភ័ណ្ឌរបស់ខ្លួនឱ្យបានល្អដើម្បីធានាថាអាវុធយើងប្រើប្រាស់ បានចំគោលដៅនៅពេលត្រូវការ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ៖ «ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈយុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ ដែលជាគ្រឿងបំពាក់សម្រាប់កងទ័ពរបស់យើង ហើយត្រូវពិនិត្យវាជាប្រចាំ [...] សុំដាស់តឿនចំពោះគ្រប់អង្គភាព នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនថាជើងគោក ជើងទឹក ជើងអាកាស ឬអង្គភាពជំនាញជារថក្រោះ កាំភ្លើងធំ វិស្វរកម្មត្រូវតែថែទាំឱ្យបានមោះមុតដើម្បីធានាថា អាវុធរបស់យើងនេះប្រើប្រាស់បាន ហើយចំគោលដៅនៅពេលដែលមានការ»។
ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ៗថា គ្រប់សម្ភារយុទ្ធោបករណ៍ទាំងអស់មិនត្រូវយកទៅដាក់កងលើគ្នា ហើយត្រូវតែត្រួតពិនិត្យជាប្រចាំ បុគ្គលម្នាក់ៗដែលមានអាវុធ ត្រូវតែថែទាំងអាវុធរបស់ខ្លួនឯងឱ្យបានស្អាត កុំឱ្យអាវុធច្រេះចាប់ អាវុធធន់ធ្ងន់ រថក្រោះ រថពាសដែកក៏ត្រូវតែមានកម្មវិធី ដើម្បីបញ្ចេញប្រេងសម្រាប់ការបញ្ឆេះសាកល្បង។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះ៖ «ព្រមពេលមានការបែរជាបញ្ឆេះពេលខ្លះអត់សាំង ពេលខ្លះអស់អាគុយរឿងនេះវាអញ្ចឹង នេះជាបទពិសោធន៍ដែលខ្ញុំបានជួបប្រទះដោយខ្លួនឯង រួចស្រេចហើយ អញ្ចឹងទេបានជាយើងមិនមែនជាការចេញច្បាំងទេ ក៏ប៉ុន្តែកុំឱ្យដល់ពេលវេលាត្រូវការស្រាប់តែអានេះអស់អាគុយ អានោះអត់ប្រេងបង្កើតជាកម្មវិធី ហើយត្រូវមានការព្រាងទុកនៅក្នុងក្របខ័ណ្ឌនៃថវិកា ត្រូវមានប្រេង ព្រោះគ្រឿងទាំងអស់នេះតែអត់ប្រេងលំអិល ដើម្បីជូតវាអត់ឆេះដែរ»។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ ជំរុញឱ្យគ្រប់អង្គភាពទាំងអស់ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីរក្សាអាវុធយុទ្ធភ័ណ្ឌ និងគ្រឿងបំពាក់ទាំងអស់នោះ ហើយនេះអាវុធទាំងនេះមិនមែនជាជំពាមកៅស៊ូនោះទេ នេះគឺជាកាំភ្លើង ហើយទិញក្នុងតម្លៃច្រើន មិនមែនតិចនោះទេ ហើយសម្រាប់ការយកមកដាក់តាំងបង្ហាញនៅទីនេះ គឺមួយភាគតូចតែប៉ុណ្ណោះ ក៏ប៉ុន្តែកងទ័ពរបស់យើងបានដាក់ពង្រាយនៅទូទាំងប្រទេសផងដែរ៕