(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងអ្នកគ្រូពេទ្យវះកាត់ម្នាក់ទៀត ឲ្យមានសេរីភាពចេញពីពន្ធនាគារ (PJ) វិញហើយ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។ នេះបើយោងតាមមន្ត្រីតុលាការ បានប្រាប់ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករានេះ។
មន្ត្រីតុលាការបានបញ្ជាក់ថា លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងអ្នកគ្រូពេទ្យវះកាត់ម្នាក់ទៀត ឲ្យមានសេរីភាពចេញពីពន្ធនាគារ (PJ) វិញហើយ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ម្សិលមិញ បន្ទាប់ពីអ្នកទាំងពីរត្រូវ បានបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ PJ បណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ។
សូមបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់នេះមានឈ្មោះ ហូវ ដាណេ ជាថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងឈ្មោះ ពៅ ស៉ីណាត ជាគ្រូពេទ្យវះកាត់។ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ អ្នកទាំងពីរត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល» តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ, «បទកំហែងយក» តាមមាត្រ៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ និង «បទការគំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា២៧២ និងមាត្រា២៧៣នៃក្រមព្រហ្ម។
គួររំលឹកដែរថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩កន្លងទៅ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ដែលជាម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ ពីអតិថិជនដែលចូលទៅទទួលសេវាកែសម្ផស្ស។ ករណីនេះក៏បានធ្វើឲ្យមានកក្រើកពេញ បណ្តាញសង្គម Facebook ផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការដាក់ពាក្យបណ្ដឹងនេះបន្ទាប់ពីជនរងគ្រោះ បានចូលទៅកែសម្ផស្សនៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិក រៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការកែរកេរ្ដិ៍ភេទផងដែរ។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕