(កំពត)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា សម្ដេចសម្រេចលុបចោលនូវស្ថាប័ន ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ដើម្បីកាត់បន្ថយភាពសាំញ៉ាំ និងស្មុគស្មាញក្នុងការធ្វើធុរកិច្ច និងជំរុញការរស់រានសេដ្ឋកិច្ចកម្ពុជា ហើយមន្ដ្រីនៅអង្គភាពនេះត្រូវផ្ទេរចូលក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ ដែលប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ អង្គភាពនេះ មានតួនាទីត្រួតពិនិត្យសកម្មភាពអាជីវកម្មនាវាអន្ដរជាតិ, ចាត់ចែងសុំការអនុញ្ញាតច្បាប់ឲ្យនាវាចូលមកកម្ពុជា និងផ្ដល់ព័ត៌មានដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើបែបបទឲ្យនាវាចូល-ចេញ ហើយឲ្យម្ចាស់ទំនិញ ឬអតិថិជន ត្រៀមឯកសារដើម្បីទទួលទំនិញ ព្រមទាំងតួនាទីផ្សេងមួយចំនួនទៀត។
ក្នុងពិធីនៅព្រឹកមិញនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សុំផ្ដាំទៅថ្នាក់ដឹកនាំ និងបុគ្គលិកកាំសាប ដែលបានបំពេញមុខងាររយៈពេល៤០ឆ្នាំរួចមកហើយ ក្នុងការនាំនាវាចូលកំពង់ផែ ចឹងទេសូមបងប្អូន កូនក្មួយនៅអង្គភាពកាំសាបដឹងថា ពូបានសម្រេចចិត្តលុបចោលអង្គភាពកាំសាបហើយ។ ហើយផ្ទេរបុគ្គលទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកទៅបំពេញ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី មុនឈានដល់ការសម្រេចចិត្តលុបកាំសាបបែបនេះ សម្ដេចក៏មានជម្រើសផ្សេងៗទៀតផងដែរ រួមមាន ទុកកាំសាបឲ្យនៅដដែល ប៉ុន្ដែទម្លាក់ថ្លៃមួយចំនួន និងសេវាមួយចំនួនដែលមិនចាំបាច់ និងដាក់ឲ្យមានការប្រកួតប្រជែងរវាងភ្នាក់ងារច្រើន។ ប៉ុន្ដែសម្ដេចគិតថា មានតែជម្រើសលុបចោលកាំសាបតែប៉ុណ្ណោះដែលជាជម្រើសដ៏ល្អ កាត់បន្ថយភាពស្មុគស្មាញក្នុងការធ្វើធុរកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជា បាត់ចំណូលតែ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្ដែការលុបនេះដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពាណិជ្ជកម្ម ដែលមករកស៊ីនៅកម្ពុជា ខណៈដែលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប នាវាបរទេសអាចធ្វើការទាក់ទងដោយផ្ទាល់មកកំពង់ផែតែម្ដង។
សូមជម្រាបថា បច្ចុប្បន្នស្ថាប័ននេះដឹកនាំដោយ លោកបណ្ឌិត រស់ វណ្ណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក ភ្នាក់ងារកម្ពុជានាវាចរ «កាំសាប» ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់គ្រងទៅលើផ្នែកហិរញ្ញវត្ថុ គឺរាល់ចំណូល និងចំណាយផ្សេងៗ ត្រូវឆ្លងកាត់ដើម្បីត្រួតពិនិត្យ និងចេញសេចក្ដីអនុម័តទើបអាចអនុវត្តបាន។ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រងលើផ្នែកបច្ចេកទេស៕