(កំពត)៖ ថ្លែងចេញពីទឹកដី ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានអះអាងថា នៅថ្ងៃខាងមុខការិយាល័យ ឬមន្ទីររបស់ក្រសួងមួយចំនួននៅតាមស្រុកនឹងត្រូវលុបចោល គឺទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដីតែប៉ុណ្ណោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយលើការចំណាយថវិកាជាតិ។
ការអះអាងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចតេជោ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និយោជិត ជាង១ម៉ឺននាក់ នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា នៅពេលខាងមុខនេះអភិបាលខេត្តទាំងអស់ ត្រូវនាំគ្នាស្តាប់ឱ្យហើយនៅពេលខាងមុខនេះ ជាពិសេសនៅថ្នាក់ស្រុកក្រសួងនានា ក៏ត្រូវនាំគ្នាស្តាប់ឱ្យច្បាប់ផងដែរ អង្គភាពរដ្ឋមួយចំនួនដែលមិនចាំបាច់ និងមានភាពស្រដៀងគ្នា នឹងត្រូវលុបចេញពីបញ្ជីតែម្តង នៅតាមបណ្តាលស្រុកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះថា៖ «នៅពេលខាងមុខនឹងលុបចោលការិយាល័យ នៃអង្គភាពក្រសួងមួយចំនួន នៅថ្នាក់ស្រុកតែម្តង លុបចោលតែម្តង របស់ដែលត្រូវទុកតំបន់ប្រតិបត្តិការ គឺផ្នែកកងទ័ពទុក នគរបាលត្រូវទុក សុខាភិបាលត្រូវទុក អប់រំត្រូវទុក រៀបចំដែនដីត្រូវទុក ព្រោះអាហ្នឹងវាសំខាន់គ្រប់គ្រងដីធ្លី [...] ឯក្រៅពីនោះយកមករៀបចំជាកញ្ចប់របស់វា អីឡូវផ្នែកផលិតកម្ម ឧទាហរណ៍កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ ដាក់នៅមួយដុំ ឬថែមទាំងឧស្សាហកម្ម រ៉ែ»។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ណែនាំដល់ក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវនាំគ្នាពិចារណា ឱ្យបានល្អិតល្អន់ក្នុងការដាក់មន្ត្រីបញ្ចូលក្របខណ្ឌ។ ប្រសិនបើមិនធ្វើបែបនេះទេក្រសួងផ្សេងៗគិតតែនាំគ្នាសុំក្របខ័ណ្ឌដើម្បីបង្កើនចំនួនមនុស្ស នៅថ្នាក់ស្រុក ក៏ប៉ុន្តែការងារគឺជាន់គ្នាទាំងអស់ ហើយសុំកុំភ្លេចពាក្យក្របខ័ណ្ឌមួយមាត់ គឺរដ្ឋត្រូវគិតប្រាក់ខែ ចាប់ពីចូលបម្រើការងារ រហូតដល់ចូលនិវត្តន៍ក៏ត្រូវរក្សាទុកនូវប្រាក់បៀវត្សរ៍ផងដែរ។ ដូច្នេះកុំភ្លេចឱ្យសោះនៅចំណុចនេះ។
ទន្ទឹមនឹងនេះដែរនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា អីឡូវនេះផ្នែកផលិតកម្ម ឧទាហរណ៍ដូចជា៖ ផ្នែកកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ ត្រូវដាក់នៅមួយគ្នាជាដុំ ថែមទាំងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ប្រមូលដាក់ជាមួយគ្នាជាចង្កោម ហើយផ្នែកសង្គមកិច្ច និងវប្បធម៌ ត្រូវដាក់មួយចង្កោម ដើម្បីឱ្យនៅជាតួអង្គរដ្ឋបាលឯកភាពតែម្តង កុំឱ្យវាសាំញាំ ព្រមបច្ចុប្បន្ននេះ សម្លឹងមើលនៅក្នុងមួយការិយាល័យមួយមានមនុស្ស រហូតដល់ពីរនាក់នេះ ជាចំណុចមួយដែលនាំឱ្យពិបាកធ្វើការតែប៉ុណ្ណោះ។
តួយ៉ាងសម្តេចតេជោ ក៏បានលើកឡើងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកន្លងទៅ គឺតែងតែលើកឡើងពីចំណុចនេះ ដើម្បីថ្នាក់ដឹកនាំស្ថាប័ននីមួយៗ ត្រូវយកចិត្តទុកដាក់សន្សុំសំចៃ លើបញ្ហាការប្រើប្រាស់ក្របខ័ណ្ឌ ហើយថ្នាក់ក្រោមជាតិក៏ដូចគ្នាដែរ កុំចេះតែប្រមូលមនុស្សដាក់ឱ្យសោះ។ ប៉ុន្តែបច្ចុប្បន្ន គឺយើងលើសមនុស្ស និងខ្វះមនុស្ស ត្រង់ចំណុចនេះ គឺចង់បញ្ជាក់ថាលើស គឺលើសចំនួនមនុស្សដែលគ្មានសមត្ថភាពធ្វើការ រីឯខ្វះមនុស្ស គឺខ្វះអ្នកដែលមានសមត្ថភាពធ្វើការពិតប្រាកដ ដូច្នេះនេះជាសារមួយដើម្បីផ្ញើជូនដល់ស្ថាប័នចំនួន ហើយនៅពេលខាងនេះ នឹងមានការកែសម្រួលរចនាសម្ព័ន្ធនៅថ្នាក់ស្រុក ដោយមិនមានការិយាល័យ នៃមន្ទីរនានានៅតាមមូលដ្ឋានទៀតទេ៕