(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចូលរួមទស្សនាដោយផ្ទាល់ ការដាក់តាំងបង្ហាញសព្វាវុធទិញពីរុស្ស៊ី អមទៅដោយការបាញ់សាកល្បងនូវកាំភ្លើងធំប្រឆាំងយន្ដហោះ និងរថក្រោះជាច្រើនគ្រឿងដើម្បីអួតពីកម្លាំងយោធា និងភាពស្មោះស្ម័គ្រលើរដ្ឋាភិបាលលោក ខណៈកំពុងរងសម្ពាធយ៉ាងខ្លាំងពីក្រុមសម្ព័ន្ធមិត្ត ឱ្យរៀបចំការបោះឆ្នោតឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ មានអាយុ ៥៦ឆ្នាំ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងអំណាចមួយមិនធ្លាប់មាន បន្ទាប់ពីមេបក្សប្រឆាំង លោក Juan Guaido ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា ក្រោមការគំាទ្រពីសហរដ្ឋអាមេរិក និងប្រទេសច្រើនជាង ២០ផ្សេងទៀត។ ប៉ុន្តែ ថ្លែងនៅក្នុងពិធីតាំងបង្ហាញសព្វាវុធកាលពីថ្ងៃអាទិត្យ លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា ការបង្ហាញ ពីសព្វាវុធនេះគឺជាការបញ្ជាក់ប្រាប់ពិភពលោកថា លោកទទួលបានការគាំទ្រពីយោធាវេណេស៊ុយអេឡា ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីការពារប្រទេស។
លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា «លោក Guaido គឺជាផ្នែកមួយនៃគម្រោងធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡារបស់សហរដ្ឋអាមេរិក... ប៉ុន្តែគ្មាននរណាម្នាក់គោរពមនុស្សទន់ខ្សោយ កំសាក និងពួកក្បត់ជាតិនោះទេ ហើយក្នុងន័យនេះការគោរពគឺមានតែលើមនុស្សក្លាហាន ឆ្លាត និងមានអំណាចប៉ុណ្ណោះ។ វេណេស៊ុយអេឡាចង់បាន និងស្រឡាញ់សន្តិភាព ហើយយើងត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារវា»។
គួរបញ្ជាក់ថា បើតាមលោក ម៉ាឌូរ៉ូ ចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ យោធាវេណេស៊ុយអេឡា នឹងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ហើយលោកចាត់ទុកថា នឹងក្លាយជាធ្វើសមយុទ្ធយោធាធំ និងសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់លោក៕