(ប៉ារីស)៖ ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នាដើរជាក្បួន​ដង្ហែរ ក្នុងទីក្រុង​ប៉ារីស ប្រទេសបារាំង​កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុង​តំបន់) ដើម្បីសម្ដែង​ការថ្កោលទោស​ចំពោះអំពើហិង្សា​​រវាងក្រុមបាតុករ​អាវលឿង និងអាជ្ញាធរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយបារាំង ក្រុមបាតុករពាក់ «កន្សែងក្រហម» មានគ្នាប្រមាណ ១០,០០០នាក់ បាននាំគ្នាចេញយុទ្ធនាការតាម​ដងផ្លូវនៃ​​ទីក្រុងប៉ារីស ហើយស្រែកតវ៉ា​ប្រឆាំងនឹងក្រុមបាតុករអាវកាក់ពណ៌លឿង ដែលបាន​បញ្ចប់ការតវ៉ាកាលពីសប្ដាហ៍ទី ១១ របស់ពួកគេកាលពី​ថ្ងៃសៅរ៍សប្តាហ៍មុន។

ក្រុមបាតុករកន្សែងក្រហមទាំងនេះ បាននាំគ្នាតវ៉ា​ជាមួយពាក្យស្លោក​បញ្ឈប់អំពើ​ហិង្សា និងដោះលែង​សាធារណរដ្ឋ​របស់ខ្ញុំ​នៅឯតំបន់ភាគខាងកើត​ទីក្រុងប៉ារីស និងបានបញ្ចប់ការ​តវ៉ានៅតំបន់ បាស្ទីលឡេ (Bastille)។ ពួកគេ​ទំនង​ជាបានឃើញបាតុកម្ម​ក្រុមអាវលឿង បានបង្កការបំផ្លិចបំផ្លាញ​មុខមាត់បារាំង​យ៉ាងខ្លាំងលើឆាក​អន្តរជាតិ និង​ការ​បង្កអំពើ​ហិង្សា​មួយចំនួនទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​កន្លងទៅ ក្រុមបាតុករអាវកាក់​ពណ៌លឿង ៦៩,០០០នាក់ ក្នុងនោះមាន ៤,០០០នាក់ បានចូលរួម​ក្នុងបាតុកម្មប្រឆាំងនឹង​រដ្ឋាភិបាលលោក ម៉ាក្រុង កាលពីថ្ងៃសៅរ៍ ហើយនេះ​គឺជាចំនួនតិចតួច​មួយបើធៀបទៅនឹង​សប្ដាហ៍មុនៗ។ ប៉ុន្តែអ្វីដែល​គេព្រួយបារម្ភនៅ​ពេលនេះ នោះគឺខ្លាចក្រែង​មានការប៉ះទង្គិចគ្នារវាង​ក្រុមកន្សែងក្រហម និងក្រុមអាវ​កាក់ពណ៌​លឿង៕