(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការចំនួន៩ចំណុចសំខាន់ៗ ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធដារធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានលើសផែនការ ឱ្យបានជាអតិបរិមា។
ការដាក់ចេញវិធានការនេះធ្វើឡើងក្នុងឱកាសដែល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ ប្រចាំឆ្នាំ២០១៨ និងសមិទ្ធផល៥ឆ្នាំ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
វិធានការ និងទិសដៅត្រូវអនុវត្តបន្តទាំង៩ចំណុចដែលដាក់ចេញដោយ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រួមមាន៖
១៖ បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដោយសិក្សារៀបចំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើតឱ្យមានមជ្ឈមណ្ឌលរក្សាទិន្នន័យរួម (Big Data) របស់អគ្គនាយកដ្ឋានពន្ធដារ
២៖ រៀបចំធ្វើបច្ចុប្បន្នភាព និងសិក្សារៀបចំបន្ថែមនូវបទប្បញ្ញត្តិស្ដីពន្ធដារសម្រាប់គំាទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ
៣៖ សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣
៤៖ ពង្រឹងការអនុវត្តយន្តការនៃការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ
៥៖ បន្តខិតខំកែលម្អការគ្រប់គ្រងប្រមូលបំណុលពន្ធ
៦៖ ពង្រឹងការយកចិត្តទុកដាក់រៀបចំនីតិវិធីក្នុងការធ្វើសវនកម្ម
៧៖ បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រងវាយតម្លៃក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស
៨៖ បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យទាំងអស់នៅរាជធានីភ្នំពេញ និងនៅតាមតំបន់ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ
៩៖ បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារនិងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ។
បន្ថែមពីនេះ ដើម្បីជំរុញឲ្យការងារប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ កាន់តែល្អប្រសើរនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់លំដាប់ត្រូវប្រកាន់ខ្ជាប់នូវបាវចនា-គោលការណ៍រួម៤ចំណុចសំខាន់ៗ ក្នុងការបំពេញការងាររួមមាន៖ ១៖កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ, ២៖ ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ, ៣៖ រៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និង ៤៖ ធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម។
សូមជម្រាបថា នៅឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន មានចំនួន ៨,៧៩១.៤០ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥ លានដុល្លារអាមេរិក) កើនឡើង១៣.៣៧% បើធៀបនឹងឆ្នាំ២០១៧។
ក្នុងរយៈពេល០៥ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវកំណើនចំណូលពន្ធក្នុងរង្វង់ប្រមាណ២០% ក្នុងមួយឆ្នាំ ក្នុងនោះឆ្នាំ ២០១៤ បានចំនួន ៤២៦៧ប៊ីលានរៀល (១,០៦៧លានដុល្លារ), ឆ្នាំ២០១៥ បានចំនួន ៥២១០ ប៊ីលានរៀល (១ ៣០២លានដុល្លារ), ឆ្នាំ២០១៦ បានចំនួន ៦០១០.៤៨ ប៊ីលានរៀល (១ ៥០២.៦២លានដុល្លារ), ឆ្នាំ២០១៧ បានចំនួន៧៩០៦.៥២ ប៊ីលានរៀល (១ ៩៧៦.៦៤លានដុល្លារ), និង ឆ្នាំ២០១៨ បានចំនួន ៨៧៩១.៤០ប៊ីលានរៀល (២១៩៧.៨៥លានដុល្លារ)៕