(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ ការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា នៅក្នុងបរិបទ នៃសន្ទះកំណើនសេដ្ឋកិច្ចដ៏លឿន រាជរដ្ឋាភិបាល បានសម្រេចធ្វើការកែទម្រង់កាន់តែស៊ីជម្រៅ កាន់តែផ្តល់នូវផលប្រយោជន៍ដ៏ពិសិដ្ឋ ជូនប្រជាជនកម្ពុជា នៅទូទាំងប្រទេស។ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល បានដើរតួនាទីដ៏សំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនរួមមានជាអាទិ៍៖
១៖ បានយកចិត្តទុកដាក់ពង្រីកសកម្មភាពផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ដើម្បីសម្រេចបាននូវទស្សនវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ ២០២៥ ប្រជាជននៅជនបទគ្រប់រូប ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។
២៖ ធ្វើឲ្យប្រសើរឡើងនូវបណ្តាញផ្លូវជនបទគ្រប់ប្រភេទ ដើម្បីតភ្ជាប់រវាងតំបន់នានានៅជនបទ ទៅជាប្រព័ន្ធគមនាគមន៍ដឹកជញ្ចូនមួយដ៏ងាយស្រួល មានស្ថិរភាព សុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងមានតម្លៃទាប ពិសេសក្នុងការចូលរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែមានភាពប្រសើរឡើង។
៣៖ ធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលស្រុកចំនួន២០ ក្នុងខេត្តគោលដៅចំនួន ៤ ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តន៍សាកល្បងសម្រាប់រយៈពេលពីរឆ្នាំនូវសកម្មភាពសំខាន់ៗចំនួន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទរួមមាន៖ ការងារថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ ការងារជួសជុលនិងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់សេវាអនាម័យជនបទ។
៤៖ បង្កើនសន្តិសុខស្បៀងគ្រួសារ តាមរយៈការប្រមូលផ្តុំ និងបណ្តុះបណ្តាលស្ត្រី ស្តីពីការផលិតស្បៀងជាលក្ខណៈគ្រួសារ ការទុកដាក់ និងថែរក្សាស្បៀង ការកែច្នៃស្បៀងដើម្បីឲ្យមានជាតិអាហាររូបត្ថម្ភ និងការដាំដំណាំរួមផ្សំសម្រាប់គ្រួសារ។
៥៖ បានពង្រឹង និងពង្រីកការផ្តល់ឥណទានខ្នាតតូច ដល់ប្រជាពលរដ្ឋជនបទឲ្យមានលទ្ធភាពក្នុងការបង្កើតមុខរបរខ្នាតតូច ជាលក្ខណៈគ្រួសារសម្រាប់បង្កើនប្រាក់ចំណូលបន្ថែម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ កាន់តែមានភាពប្រសើរឡើង និងកាត់បន្ថយការធ្វើចំណាកស្រុក។
៦៖ លើកស្ទួយសមភាពយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការផ្សព្វផ្សាយ និងការបញ្ជ្រាបអំពីសិទ្ធិរបស់ស្ត្រីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានធ្វើការ បញ្ជ្រាបអំពីសិទ្ធិរបស់ស្រ្តីដល់សហគមន៍ជនបទ តាមរយៈការជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទ ការបណ្តុះបណ្តាល និងការបង្កើតឱកាសក្នុងការរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ តាមរយៈការបង្កើតមុខរបរខ្នាតតូច និងការអប់រំអនាម័យដើម្បីសុខភាព។ល។
៧៖ បណ្តុះបណ្តាលដល់មន្ត្រីរាជការនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត លើការដឹកនាំ គ្រប់គ្រង និងជំនាញឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀត។
៨៖ គាំទ្រការរៀបចំ និងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដែលជារចនាសម្ព័ន្ធអភិវឌ្ឍន៍មូលដ្ឋាន ក្នុងការជួយដឹកនាំ និងសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព។
៩៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន ដើម្បីបង្កើនប្រសិទ្ធភាពលើការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ ឲ្យកាន់តែមានភាពសុក្រឹតនិងរលូនថែមទៀត។
លោករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ទទួលបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងសម្រេចទិសដៅ ជាយុទ្ធសាស្រ្តរបស់ខ្លួន ពិសេសសម្រាប់ទិសដៅការងារឆ្នាំ២០១៩ ដែលបានផ្តោតសំខាន់លើយុទ្ធសាស្រ្តជាអាទិភាពមួយចំនួន រួមមាន៖
១៖ ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។
២៖ ការស្ថាបនា កសាង និងជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាសាធារណៈ។
៣៖ ការលើកកម្ពស់សុខភាព ការអប់រំ និងលក្ខខណ្ឌនៃការរស់នៅ។
៤៖ ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច៕