(ភ្នំពេញ)៖ ការអនុវត្តសាលដីការបស់តុលាការកំពូលរបស់អាជ្ញាធរខេត្តព្រះសីហនុ ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានការប៉ះទង្គិចគ្នាមួយបានកើតឡើងរវាងអាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជិត៣០០នាក់ ដែលបានអះអាងថាជាដីរបស់ខ្លួន និងរស់នៅលើដីនោះយូរឆ្នាំមកហើយ ប៉ុន្តែគ្មានការទទួលស្គាល់ពីអាជ្ញាធរ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះថា អាជ្ញាធរដឹកនាំដោយអភិបាលរងខេត្តលោក ផៃ ប៊ុនវណ្ណៈ, ព្រះរាជអាជ្ញា, ស្នងការនគរបាលខេត្ត មេបញ្ជាការកម្លាំងអាវុធហត្ថខេត្ត មេបញ្ជាការតំបន់សឹករង អភិបាលស្រុក បាននាំគ្នាចុះ អនុវត្តសាលដីការបស់តុលាការកំពូល ដែលបានចូលជាស្ថាពរជាងមួយឆ្នាំមកហើយ។ នៅក្នុងការចុះអនុវត្តនោះមានការប៉ះទង្គិចគ្នារវាងកម្លាំង និងប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅលើដីនោះមិនស្របច្បាប់។
លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការអនុវត្តសាលដីការបស់តុលាការកំពូល នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ គឺធ្វើឡើងតាមច្បាប់សុទ្ធសាធ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន២នាក់ រងរបួស មិនមានស្លាប់ដូចការផ្សាយបំភ្លៃនោះទេ។ លោកថា ប្រជាពលរដ្ឋដែលរស់នៅលើ ដីខុសច្បាប់ គួរតែចាកចេញហើយប្រគល់ដីនេះឲ្យម្ចាស់ស្របច្បាប់ ស្របតាមដីការបស់តុលាការ។ លោកអភិបាលខេត្តបានថ្លែងថា យុទ្ធសាស្រ្តឈ្នះបានដី ចាញ់បានលុយ គួរលប់បំបាត់ចោល មិនគួរយកមកប្រើប្រាស់នៅសម័យនេះទេ។
លោក ថាន ថាវរៈ មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋចំនួន៩គ្រួសារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃនេះថា មុនដល់ពេលថ្ងៃអនុវត្តសាលដីកា គឺអាជ្ញាធរបានជូនដំណឹង ជាច្រើនដងមកហើយ តែប្រជាពលរដ្ឋដែលរស់នៅលើដីមិនស្របច្បាប់ នៅតែមិនព្រមចាកចេញ ព្រោះពួកគេមានការជំរុញពីឈ្មោះ យូ ណារិន ដែលស្ថិតនៅពីក្រោយខ្នង។ នៅពេលចុះអនុវត្តពួកគាត់ក៏បានឆ្លើយថាដឹង តែឲ្យសួរមេរបស់គាត់សិន (ឈ្មោះ យូ ណារិន)។ ប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់លើដីនោះ បានទាមទារឲ្យផ្តល់សំណងតាមគោលនយោបាយ ដោយមានការស្នើឲ្យកាត់ដី ៧-៨ ហិកតាឲ្យពួកគាត់។
លោកមេធាវីការពារក្តី បញ្ជាក់ថា នៅពេលកម្លាំងចម្រុះចុះអនុវត្តសាលដីកា ប្រជាពលរដ្ឋជិត៣០០នាក់ បានប្រើប្រាស់ កាំបិត ពូថៅ ដំបង ជំពារ ដបសំាង...។ល។ ប្រឆាំងរារាំងការអនុវត្តរបស់អាជ្ញាធរ ដែលដឹកនាំកម្លាំងចម្រុះចុះអនុវត្តនៅទីតាំងដីខាងលើ ដូចមានក្នុងរូបភាពខាងក្រោម។ លោកបន្តអះអាងថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់កូនក្តីទាំង៩គ្រួសារ ដែលជាអ្នកឈ្នះក្តី បែរជាត្រូវជួបបញ្ហាដូច្នេះ។ លោកមេធាវីឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះឲ្យកូនក្តីរបស់ខ្លួន ដោយទទួលបានសិទ្ធិកាន់កាប់ដោយស្របច្បាប់។
ចំណែកលោក យូ ណារិន ដែលត្រូវបានគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយខ្នងញុះញង់ប្រជាពលរដ្ឋ បានថ្លែងប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ម្សិលមិញថា លោកក៏ជាជនរងគ្រោះនៅលើដីទំនាស់នេះដែរ។
លោក អ៉ឹម សារ៉ុម អតីតមេឃុំបិតត្រាំង បានប្រាប់សារព័ត៌មានថា កាលពីលោកនៅជាមេឃុំបិតត្រាំង មានប្រជាពលរដ្ឋជាច្រើនដែលបានមករស់នៅតំបន់មានវិវាទនេះបានសម្រុកមកកាន់ទន្រ្ទានយកដី ទោះបីមានការហាមឃាត់ពីអាជ្ញាធរក៏ដោយ ពួកគេមិនព្រមឈប់ និងនៅតែបន្តកាន់កាប់។ លោកបានរៀបរាប់ថា បើតាមលោកចាំកាលពីឆ្នាំ២០០៥ ២០០៦ ដីវិវាទនេះក៏ធ្លាប់មានការទិញលក់ពីមន្រ្តីធំៗនៅភ្នំពេញមួយចំនួនដែរស្របពេលនោះក៏មានពលរដ្ឋចំណាកស្រុកដទៃៗទៀត បានមកតាំងលំនៅជាបន្តបន្ទាន់។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ សាលាខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការបង្កើតក្រុមការងារចុះអនុវត្តសាលដីការបស់តុលាការកំពូល ដោយចាត់លោក ផៃ ប៊ុនវណ្ណៈ ជាប្រធាន, លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត, ជាសមាជិក, លោក សារិន វិបុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរកខេត្ត ជាសមាជិក, លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាសមាជិក, លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ជាសមាជិក, លោក អ៊ុ ធារិន នាយកស្តីទី ទីចាត់ការអន្តរវិស័យ នៃសាលាខេត្ត ជាសមាជិក, លោក រិន អាមិន មន្រ្តីនៃទីចាត់ការអន្តរវិស័យ សាលាខេត្តព្រះសីហនុ ជាសមាជិក ព្រមទាំងកម្លាំងចម្រុះចំនួន៣០០នាក់។ សូមជំរាបថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ តុលាការកំពូលបានចេញសាលដីកាសម្រេចកាត់ក្តី ឲ្យប្រជាពលរដ្ឋ៩គ្រួសារជាកាន់កាប់ស្របច្បាប់៕