(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ក្រសួងការពារជាតិ តាមរយៈសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះរបាយការណ៍ញុះញង់របស់ មន្ទីរចារកម្មជាតិសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភាន់ច្រឡំដល់ សាធារណជនជាតិ និងអន្តរជាតិ មកលើឯករាជ្យភាពរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «របាយការណ៍ ស្ដីពី ការវាយតម្លៃលើការគំរាមកំហែងទូទាំងពិភពលោករបស់សហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ ចេតនាអាក្រក់មួយ ក្នុងការជ្រៀតជ្រែកដ៏ធ្ងន់ធ្ងរចំពោះ កិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញលាបពណ៌មកលើ ភាពឯករាជ្យ អព្យាក្រឹត្យអចិន្រ្តៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ទោះបីជាមាន ការបំភ្លឺផ្លូវច្បាប់ និងបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ ម្តងហើយម្តងទៀតពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះវត្តមានកងទ័ពបរទេសក៏ដោយ»។
ប្រតិកម្មរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្តបន្ទាប់ពី មន្ទីរចារកម្មជាតិរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការវាយតម្លៃការគំរាមកំហែងទូទាំងពិភពលោក ក្នុងឆ្នាំ២០១៩ ក្នុងនោះក៏វាយប្រហារមើលរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
របាយការណ៍នេះ បានចោទប្រកាន់កម្ពុជាថា «ឯករាជ្យភាពរបស់កម្ពុជា ឈានទៅរកការរក្សាអំណាចគណបក្សប្រជាជន និងគ្របដណ្ដប់យ៉ាងពេញទំហឹងនៃនីតិបញ្ញត្តិជាតិ បើកផ្លូវសម្រាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលអាចនាំអោយមានវត្តមានកងទ័ពចិននៅក្នុងប្រទេស»។
សេចក្តីថ្លែងការណ៍ដែលចេញដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ទៅកាន់សហរដ្ឋអាមេរិកវិញ យាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលផ្តើមចេញពី រដ្ឋប្រហារគាំទ្រដោយ សហរដ្ឋអាមេរិក ឆ្នាំ១៩៧០ និងធ្លាប់រងគ្រោះដោយវត្តមានកងទ័ពបរទេសនៅលើទឹកដី បានធ្វើប្រជាជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃសន្តិភាព មិនចង់ឱ្យប្រវត្តិសាស្រ្តនេះវិលមកជាថ្មី គ្រាដែលប្រទេសកំពុងមានសន្តិភាពពេញលេញនោះឡើយ ហើយកម្ពុជាក៏មិនចាំបាច់កែរដ្ឋធម្មនុញ្ញ ដើម្បីទទួលវត្តមានកងទ័ពបរទេសនោះដែរ»។
សេចក្តីថ្លែងការណ៍បានលើកយក ការប្រកាសជំហររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអះអាងកន្លងមកថា ទោះជាកម្ពុជាពេលនេះ មានលទ្ធភាពកែប្រែរដ្ឋធម្មនុញ្ញក៏ដោយ ក៏សម្តេចប្រកាសមិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយអង្គការសហប្រជាជាតិនោះឡើយ។
ក្រសួងការពារជាតិ ក៏បានប្រើប្រាស់ពាក្យពេចន៍ចម្អកដល់សហរដ្ឋអាមេរិកថា កម្ពុជាស្វាគមន៍ជានិច្ច ចំពោះមន្ទីរចារកម្មជាតិសហរដ្ឋអាមេរិក ដែលមានបំណង ចង់ស្វែងរកការពិត លើការសង្ស័យណាមួយពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេស នៅលើទឹកដី កម្ពុជា និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអំពីបញ្ហានេះ តែផ្ទុយទៅវិញ ក្នុងករណីដែល រកមិនឃើញភស្តុតាង ឬទឡ្ហីករណ៍ច្បាស់លាស់ទេ សូមឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការប្រឌិតញុះញង់ លាបពណ៌ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាតទៅទៀត៕