(ភ្នំពេញ)៖ ក្រសួងពាណិជ្មកម្មកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុបត្រូវការរយៈពេល ១៨ខែ ដើម្បីដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» នោះបើសិនជាសហភាពអឺរ៉ុបពិតជាសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាមែននោះ។
សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងពាណិជ្ជកម្មបានពន្យល់ថា ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះក្រសួងបានពន្យល់ទៀតថា រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។
រយៈពេលដំណើរការនេះ នឹងត្រូវបានកំណត់ជា ២ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេល ០៦ខែ៖ ជាដំណាក់កាលដំបូងដែលគណៈកម្មការអឺរ៉ុបបន្តធ្វើការពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចក្នុងបទបញ្ញតិ្តលេខ 978/2012។
ដំណាក់កាលទី២ មានរយៈពេល ០៦ខែ៖ ក្នុងរយៈពេលនេះប្រសិនបើគណៈកម្មការអឺរ៉ុបពិនិត្យឃើញថា កម្ពុជាបានបង្ហាញពីវឌ្ឍនភាពនៃការងារទាក់ទងនឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបនោះហើយ គណៈកម្មការអឺរ៉ុបយល់ថារបាយការណ៍នោះពិតជាមានវឌ្ឍនភាពគ្រប់គ្រាន់ នោះគណៈកម្មការនឹងទម្លាក់ចោលនូវចេតនាព្យួរជា បណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ហើយចេញសេចក្តីសម្រេចចិត្តបញ្ចប់នីតិវិធីនៅពេលនោះតែម្តង។
ក្នុងករណីដែលគណៈកម្មការអឺរ៉ុបមិនពេញចិត្តនឹងវឌ្ឍនភាពដែលកម្ពុជាបានបង្ហាញនោះ ក្រុមការងាររបស់គណៈកម្មការអឺរ៉ុបនឹងប្រើប្រាស់រយៈពេល ០៦ខែនេះ ដើម្បីរៀបចំរបាយការណ៍ដែលអមជាមួយអនុសាសន៍របស់ខ្លួន សម្រាប់ជូនទៅគណៈកម្មការអឺរ៉ុបទាំងអស់ និងប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងសម្រេចថា តើត្រូវព្យួរជាណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ឬយ៉ាងណា?
ប្រសិនបើគណៈកម្មការទាំងអស់សម្រេចថាព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នោះគឺត្រូវការរយៈពេល ០៦ខែទៀត ទើបសេចក្តីសម្រេចចុងក្រោយចូលជាធរមាន។
ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ក៏បានបង្ហាញចំណាត់ការនានាដើម្បីបង្ការក្នុងករណីដែលសហភាពអឺរ៉ុបជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»ផងដែរ។
បើតាមក្រសួងពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដែលបានជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ដឹកជញ្ជូន និងលើកស្ទួយអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់កម្មករ-កម្មការិនី និងកសិករ ព្រមទាំងប្រជាជនកម្ពុជាគ្រប់រូប។
សម្រាប់ក្រសួងពាណិជ្ជកម្មបានលុបចោលនូវការយកកម្រៃសម្រាប់គ្រប់គ្រងការនាំចេញ មិនតម្រូវឲ្យបង់កម្រៃនិងសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ និងបានរំកិលទីតាំងឈរជើងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលកិច្ចការទាំងអស់នេះតម្រូវឲ្យរដ្ឋទទួលបន្ទុកពីការខាតបង់ចំណូលរាប់សិបលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ក្រសួងបន្តថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងបន្តធ្វើកំណែទម្រង់សំដៅបង្កើនភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា និងពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុបមានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេះបើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ បែរមកយកពន្ធលើទំនិញរបស់កម្ពុជាវិញ នឹងនាំឲ្យកម្ពុជាខាតបង់ថវិកាជិត ៧០០លានដុល្លារសម្រាប់ការបង់ពន្ធ៕