(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកអះអាងថា នឹងមិនឲ្យប្រទេសកម្ពុជាវិលទៅរកភាពក្រីក្រដូចពីអតីតកាលជាថ្មីនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា មកដល់ពេលនេះកម្ពុជាបានងើបឈរដោយខ្លួនឯងបានហើយ ហើយត្រូវបន្តប្រឹងប្រែងទៅមុខថែមទៀតជាមួយក្តីសង្ឃឹម និងជឿជាក់ដោយមិនត្រូវឲ្យមានអ្វីមករំខានដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។
ជាមួយរូបភាពមួយសន្លឹកពេលកំពុងធ្វើដំណើរតាមរថយន្តនៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំបានមើលពីក្នុងរថយន្តជាមួយសេចក្តីរំភើបរីករាយ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ»។
សម្តេចតេជោ បន្តថា «កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ខាត។ ពេលនេះយើងបានងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែបន្តប្រឹងប្រែងទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវអោយមានអ្វីមករំខានដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឡើយ»។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងដែរថា ស្ថានភាពពិភពលោកសព្វថ្ងៃក៏មានការប្រែប្រួល ទន្ទឹមកម្ពុជាកំពុងមានសុខសន្តិភាព និងរីកចម្រើន ប្រទេសមួយចំនួនក៏កំពុងមានសង្រ្គាមបំផ្លាញគ្រប់យ៉ាង ហើយពលរដ្ឋគ្មានឱកាសអ្វីទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ប្រទេសជាតិដែលមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ គឺជាអំណោយផលដ៏ល្អសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
ជាការកត់សម្គាល់ការចេញមកបញ្ចេញសារក្រើនរំលឹកឲ្យប្រជាពលរដ្ឋខ្មែរប្រឹងប្រែងងើបឡើងដើម្បីកសាងអភិវឌ្ឍន៍ប្រទេសជាតិ គឺស្របពេលដែលសហភាពអឺរ៉ុបសម្រេចព្យួរបណ្តោះអាសន្តនូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»៕